Wednesday, June 14, 2017

តើច្បាប់អ៊ីស្លាម​គិតយ៉ាងណា​ចំពោះការបរិភោគពងទាកូន?




ពង​ទា​កូន​ជា​អាហារ​ដ៏​ពេញ​និយម​មួយ​នៅ​តំបន់​អាស៊ី​ ជា​ពិសេស​ប្រទេស​ហ្វីលីពីន,​ចិន រួម​ទាំង​កម្ពុជា​ផង​ដែរ។ តែ​សម្រាប់​នៅប្រជាជន​អ៊ឺរ៉ុប​ពួក​គេ​ហាក់​ញញើត​នឹង​បរិភោគ​អាហារ​ប្រភេទ​នេះ។ ក្រឡេក​មក​មើល​ច្បាប់​របស់​សាសនា​អ៊ីស្លាម​វិញ​ តើអ៊ីស្លាម​អនុញ្ញាត​អោយបរិស័ទ​របស់​ខ្លួន​បរិភោគ​ពង​ទាកូន​រឺ​ទេ?

            ហាក់​នៅ​មាន​ការ​ចម្រូង​ចម្រាស់​ក្នុង​បញ្ហានេះ ត្បិត​នៅក្នុងគម្ពីរ​អាល់គួរអាន ពុំ​មាន​លើកឡើង​ទាក់ទង​នឹង​ពងទាកូននេះឡើយ ហើយក្នុងសៀវភៅ ហាឌីស ក៏ពុំមានលើកឡើងដែរ។ ដោយ​ហេតុ​នេះ​ទើប​មាន​ការ​ចោទ​ជា​សំណួរ​មួយ​ទៅ​កាន់ គណៈ​កម្មការ​អចិន្ត្រៃយ៍សម្រាប់ហ្វាតាវ៉ា ថា៖ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ ហើយ​បាន​ឃើញ​ប្រជាជន​នៅ​ទី​នោះ​ចូលចិត្ត​បរិភោគ​ពង​ទា​កូន (មាន​រូប​រាង​ពេញ​លក្ខណៈ​ជា​កូន​ទាចាប់​ពី​អាយុ ១៦​ដល់២០​ថ្ងៃ) គឺ​គេ​រំងាស់​វា​ក្នុង​ទឹកក្ដៅ​ពុះ​រហូត​ឆ្អិន មុន​ពេល​វា​ញាស់​ចេញ​មក​ក្រៅ​៣​ថ្ងៃ បន្ទាប់​មក​គេ​បក​វា ហើយ​ហូប​កូន​ទា​ដែល​នៅក្នុង​នោះ តើ​ចំពោះ​ច្បាប់​អ៊ីស្លាមដូចម្ដេច​ដែរ?

មានទស្សនៈពីរដែលយើងគួរពិចារណា

            ទស្សនៈទីមួយ៖ បើសិន​ជាអ្វីៗ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ មាន​ន័យ​ថា​ពង​ទា​កូន​នោះ វា​មាន​រូប​រាង​ជា​កូន​ទា មាន​ជីវិត មាន​ដង្ហើម​ពេញ​លក្ខណៈ​ នៅ​ក្នុង​ពង​ទា​នោះ ច្បាប់​អ៊ីស្លាមគឺ មិនអនុញ្ញាត មិន​អាច​ហូប​បាន​ឡើយ​ពី​ព្រោះ កូន​ទា​ដែល​នៅក្នុង​នោះ​ចាត់​ទុក​ជា​សត្វ​ស្លាប់ និង​ ការ​សម្លាប់​ដោយ​វិធី​ឃោរឃៅ(ស្រុះទឹកក្ដៅរហូតដល់ស្លាប់)  ហើយ​ច្បាប់​នៃ​ការ​ហូបសត្វ​ស្លាប់​បែប​នេះ​គឺ  មិនអនុញ្ញាត នោះទេ។

            ទស្សនៈទីពីរ៖ ក្រុម​បញ្ញាវន្ត​អ៊ី​ស្លាម​ខ្លះ​បាន​លើក​ឡើង​ថា ជា​ទូទៅ​ពង​ទា​កូន​ដែល​មាន​អាយុ​​ក្រោម​១៥​ថ្ងៃ​បន្ទាប់​ពី​ពង​រួច នោះ​វា​មិន​ទាន់​មាន​រូប​រាង​ពេញ​លក្ខណៈ ហើយព្រះអល់ឡោះ​ជា​អម្ចាស់​ក៏​មិន​ទាន់​ដាក់ជីវិត​ទៅ​កូន​ទា​នោះ​ដែរ ដូច្នេះ​ច្បាប់​អនុញ្ញាត​អោយ​បរិភោគ​បាន​តែ​ពង​ទា​កូន​ណា​ដែល​មាន​អាយុ​ក្រោម​១៥​ថ្ងៃ​​ប៉ុណ្ណោះ។

            សរុប​មក​យើង​ខ្ញុំ​ពុំ​ទាន់​ហ៊ាន​កាត់​សេចក្ដី​ថា​ ទស្សនៈ​ណា​មួយ​មាន​ភាព​ត្រឹម​ត្រូវ​នោះ​ទេ សូមបងប្អូន​មេត្តា​​ពិចារណា និង សិក្សាស្រាវជ្រាវ​បន្ថែម​តាម​ការគួរ។

--------------------------------------------------------------
ប្រែ​សម្រួល​ដោយ លោក ស្លេះ ម៉ាត់លី
សម្រួល​និង​វាយអត្ថបទ​ដោយ មូហាំម៉ាត់ អ៊ីសា វ៉ាន់ឌី វ៉ាន
ផ្សព្វ​ផ្សាយ​ដោយ បណ្ដាញ អាល់ភីស(AL-PEAC)

No comments:

Post a Comment