មានរឿងនិទានមួយដំណាលថា នាសម័យមួយមានបុរសបីនាក់ជាសម្លាញ់នឹងគ្នា។
ម្នាក់ជាគ្រីស្ទបរិស័ទ ម្នាក់ជាអ៊ីស្លាមបរិស័ទ និង ម្នាក់ទៀតជាជ្វីហ្វបរិស័ទ។
ពួកគេធ្វើដំណើរជាមួយគ្នាទៅទីកន្លែងឆ្ងាយមួយ។ យប់មួយពួកគេបានចូលទៅសំណាកនៅផ្ទះកសិករម្នាក់។
កសិករនោះបានអោយនំផ្អែមធំមួយមកអោយពួកគេ។
បុរសមូស្លីមរីករាយក្នុងចិត្តណាស់ព្រោះគាត់កំពុងកាន់អំណត់បួសតមអាហារតាំងពីព្រឹក
ដោយនឹកថាខ្លួននឹងបានទទួលទាននំមួយដុំជាមិនខាន។ ក៏ប៉ុន្តែសម្លាញ់ទាំង២របស់គាត់
មិនព្រមអោយគាត់កាត់នំឡើយពីព្រោះពួកគេមិនទាន់ឃ្លាន បើកាត់នំ
នឹងមិនអាចទុកនំនោះបានដល់ព្រឹកស្អែកឡើយ ត្រូវរក្សានំទាំងមូល
ចាំដល់ពេលព្រឹកសឹមកាត់ចែកគ្នា។
បុរសមូស្លីមប្រកែកមិនឈ្នះគេក៏យល់ព្រមតាមលក្ខខណ្ឌនេះ។
ព្រឹកឡើង
បុរសទាំង៣ក្រោកថ្វាយបង្គំព្រះតាមរបៀបរៀងៗខ្លួន។ រួចពួកគេនិយាយគ្នាថា
បើយប់មិញអ្នកណាយល់សប្តិល្អជាងគេមិនត្រឹមតែទទួលបាននំជាចំណែករបស់ខ្លួននោះទេ
ថែមទាំងបានចំណែកអ្នកដែលយល់សប្តិមិនសូវល្អទៀត។
បុរសជ្វីហ្វក៏និទានឡើងពីសុបិនរបស់គេ៖
“ខ្ញុំសុបិនថា ពេលខ្ញុំដើរតាមផ្លូវក៏បានជួបនឹងព្យាការី
មូសេ។ ខ្ញុំដើរតាមលោកទៅដល់ភ្នំ ស៊ីណា។
បន្ទាប់មកព្រះជាម្ចាស់ធ្វើអោយភ្នំនោះប្រេះជា៣។
មួយផ្នែកធ្លាក់ក្នុងសមុទ្រធ្វើអោយសមុទ្រប្រែជាសាប។
មួយផ្នែកទៀតធ្លាក់ទៅលើដី ធ្វើអោយស្ទឹងជាច្រើនផុសចេញមកអាចប្រើទឹកបានតាមត្រូវការ។
ហើយមួយផ្នែកទៀតហោះកាត់ប្រទេសអារ៉ាប់ ហើយធ្លាក់នៅកន្លែងមួយក្លាយជាភ្នំ
អារ៉ាហ្វាត់។ក្រោយបន្តិចស្រាប់តែខ្ញុំឃើញភ្នំ ស៊ីណា
នៅដដែលតែបែរជារលាយតិចៗ ហើយឃើញមនុស្សជាច្រើនដើរតម្រង់មករកភ្នំ
គេលើកដៃសូត្រធម៌គ្រប់ៗគ្នា ហើយខ្ញុំក៏បានដឹងថាពួកគេជាព្យាការីរបស់ព្រះទាំងអស់។
ហើយខ្ញុំឃើញទេវតាមួយក្រុមកំពុងតែ....”
បុរសជ្វីហ្វរៀបរាប់យល់សប្តិរបស់ខ្លួនយ៉ាងវែងអន្លាយ។
រហូតដល់ពេលចប់ទើបបុរសគ្រីស្ទាននិទានពីសុបិនរបស់គេម្ដង៖
“ឱសម្លាញ់ទាំងពីរ!ខ្ញុំបានសុបិនថា
ខ្ញុំបានឡើងទៅលើមេឃជាមួយ ព្រះយេស៊ូវ ។
ទៅដល់កន្លែងមួយខ្ពស់ជាងព្រះអាទិត្យទៀត។ កន្លែងនោះខុសប្លែកពីផែនដីឆ្ងាយណាស់
ខ្ញុំពុំអាចទៅរកពាក្យ អ្វីមកអធិប្បាយបាននោះទេ ត្បិតទីនោះ
វាប្លែកខ្លាំងពេក។”
បុរសគ្រីស្ទានបញ្ចប់ការអធិប្បាយសុបិនដ៏ខ្លីនេះ
រួចក៏ដល់វេនបុរសមូស្លីមម្ដង៖
“ចំណែកខ្ញុំវិញសុបិនឃើញព្យាការី
មូហាំម៉ាត់។ គាត់បានពោលមកខ្ញុំថា៖ មិត្តឯងម្នាក់បានជួបលោកមូសេហើយបានទៅភ្នំស៊ីណា
និង បានជួបពួកព្យាការីផង។ ឯមិត្តឯងម្នាក់ទៀត
បានឡើងទៅលើមេឃជាមួយព្រះយេស៊ូវ។ ពួកគេមានសំណាងណាស់
ឯឯងនៅទីនេះតែម្នាក់ឯងទេ ឯងដេកដល់ណាទៀត?
ពួកគេបានជួបក្រុមទេវតាប្លែកៗ
ឯឯងវិញមានត្រឹមនំផ្អែមមួយនៅក្បែរខ្លួនប៉ុណ្ណោះ!
ចូរក្រោកហើយញ៉ាំវាអោយអស់ទៅ..”
គ្រាន់តែលឺពាក្យនេះភ្លាមបុរសជ្វីហ្វនិងបុរសគ្រីស្ទានក៏ស្រែកព្រមគ្នាថា៖
“ឯងក្រោកញ៉ាំនំផ្អែមអស់ហើយមែនទេ?”
បុរសមូស្លីមឆ្លើយ៖
“ខ្ញុំឯណាទៅហ៊ានប្រឆាំងនឹងបញ្ជាព្យាការីរបស់ខ្ញុំនោះ។
ខ្ញុំជឿថាពួកឯងក៏មិនហ៊ានប្រឆាំងនឹងបញ្ជាលោក មូសេ និង ព្រះយេស៊ូវ ដែរ។
នេះគ្រាន់ជាការសាកល្បងប៉ុណ្ណោះ ខ្ញុំនឹងចែកនំដល់ពួកឯងតាមចំណែកស្មើគ្នា។”
បុរសទាំង៣ក៏ជជែកលេងជាមួយគ្នាបន្ត
និង ទទួលទាននំផ្អែមនោះតាមចំណែកស្មើៗគ្នា។
--------------------------------------------------------
--------------------------------------------------------
*មិត្តភាពមិត្តប្រកាន់សាសនា ពូជសាសន៍នោះទេ
*ចេះអធ្យាស្រ័យអោយគ្នាទៅវិញទៅមកមិនប្រកាន់
គុំគូន
*វាហាក់ដូចជាល្បិច
តែវាជាប្រាជ្ញា
====================================
====================================
សម្រួលនិងវាយអត្ថបទដោយ
មូហាំម៉ាត់ អ៊ីសា វ៉ាន់ឌី វ៉ាន
ផ្សព្វផ្សាយដោយ បណ្ដាញ អាល់ភីស(AL-PEAC)
No comments:
Post a Comment