Monday, May 29, 2017

អ្វីជាការបួស? ហេតុអ្វីយើងគួរបួស?

   
   ជារៀងរាល់ឆ្នាំ​នៅក្នុងខែរ៉ម៉ាឌន ​គេតែឃើញអ៊ីស្លាមបរិស័ទ​ធ្វើពិធីបួសតមអាហារក្នុង​រយៈពេល​៣០ថ្ងៃ ។ ប្រជាជនមួយចំនួនដែលមិនកាន់សាសនាអ៊ីស្លាម ហើយមិនបានសិក្សាពីសាសនានេះ
យល់ថាការបួសនេះជាការធ្វើទណ្ឌកម្មដល់ខ្លួនឯងដើម្បីអោយព្រះពេញចិត្ត ឬ ដើម្បីតែបានផល
បុណ្យប៉ុណ្ណោះ។ តើហេតុផលអ្វីបានជាសាសនិកអ៊ីស្លាមសុខចិត្តបួសតមអាហារ ហើយការបួស
ប្រព្រឹត្តទៅបែបណា? ខាងក្រោមនេះជាចម្លើយដែលលោកអ្នកគួរតែដឹង។

អ្វីជាការបួស?
     ការបួសគឺជាការតមអាហារ, តមផឹកទឹក, តមការរួមដំណេក, តម​ប្រការ​នានា​ដែល​នាំ​អោយ​ចេញ​ទឹក​កាម, តម​ការនិយាយកុហក​,​ និងតមរាល់អំពើមិនល្អជាច្រើនទៀត។ មិនតែប៉ុណ្ណោះអ្នកបួសត្រូវ​បង្កើន​ការការ​បរិច្ចាគ​ទាន, ការ​​ធ្វើ​អំពើ​ល្អ,ការ​សូត្រ​គម្ពីរ​អាល់គួរអាន និង អធិដ្ឋាន​ថ្វាយបង្គំ​ជាដើម​។

តើបួសរបៀបណា? 
  1. អ្នកបួសត្រូវងើបទទួលទានអាហារមួយពេលនៅវេលាម៉ោងប្រមាណ៤:១៩នាទី(ម៉ោងនៅកម្ពុជា)
  2. បន្ទាប់​ពី​ទទួល​ទាន​អាហា​ររួច​អ្នក​បួស​ត្រូវ​អធិដ្ឋាន​(នៀត)​ ដោយតាំង​ចិត្ត​ថា "ខ្ញុំតាំងចិត្តបួសថ្ងៃនេះចំពោះព្រះ​អល់ឡោះជាអម្ចាស់"
  3. បន្ទាប់ពីនោះអ្នកបួសគប្បី​អធិដ្ឋានថ្វាយបង្គំព្រះក្នុងកាល ស៊ូពួស ឬ ហ្វាជ្ជ
  4. បន្ទាប់ពីអធិដ្ឋានថ្វាយបង្គំព្រះរួចអ្នកអាចទទួលទានដំណេកទៅវិញ ពេលអ្នកក្រោកពីដំណេក​នៅពេលថ្ងៃរះ គឺអ្នកចាប់ផ្ដើមបួសពីពេលនោះទៅ
  5. រយៈពេលពេញមួយថ្ងៃនេះអ្នកបួសអាចប្រកបការងារ រឺ ធ្វើអ្វីៗបានជាធម្មតា លើកលែងតែប្រការហាមឃាត់ដែលលើកឡើងខាងលើ
  6. ការបួសត្រូវបានបញ្ចប់សព្វគ្រប់នៅម៉ោងប្រមាណ ៦ៈ២៦នាទី(ម៉ោងនៅកម្ពុជា) ពោលគឺនៅពេលដែលព្រះអាទិត្យលិច
  7. អ្នកបួសត្រូវស្រាយបួសដោយចាប់ផ្ដើមដោយបរិភោគទឹកបន្តិច រួចបរិភោគរបស់ទន់ៗ ហើយសឹមបរិភាគរបស់ផ្អែម និង បាយ
  8. ការបួសរបស់អ្នកបានបញ្ចប់ជាស្ថាពរហើយ ចាប់ផ្ដើមម្ដងទៀតនៅថ្ងៃស្អែកដូចអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ
ហេតុអ្វីយើងគួរបួស?  
  1. ការបួសអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួននិងក្នុងសរសៃឈាម មិនតែប៉ុណ្ណោះការបួសអាចជួយលាងសម្អាតក្រពះ ជាតិខ្លាញ់ក្នុងខួរក្បាល ពោះវៀន សួត ថ្លើម ជាដើម និង ជួយបង្ការពីជម្ងឺទឹកនោមផ្អែម,លើសឈាម,ឡើងជាតិកូឡេស្តេរ៉ូល  សូមចុចត្រង់នេះដើម្បីមើលលម្អិត
  2. ការបួសជួយអោយមនុស្សលះបង់នូវភាពកំណាញ់ តាមរយៈការបរិច្ចាគ និងការធ្វើអោយអ្នកមានទ្រព្យបានយល់ពីស្ថានភាពរបស់អ្នកក្រីក្រ ថាតើការដែលគ្មានអាហារបរិភោគពិបាកយ៉ាងណា
  3. ផ្នែកសង្គម៖ ធ្វើអោយអ្នកបួសមានទម្លាប់គោរពច្បាប់ មានសាមគ្គីភាព ស្រឡាញ់យុត្តិធម៌ សមធម៌ មានមនោសញ្ចេតនា ជាពិសេសការពារសង្គមពីអំពើអាក្រក់ និង ប្រការខិលខូច
  4. បង្កើនការអត់ធ្មត់ ធ្វើអោយសតិអារម្មណ៍កាន់តែរឹងមាំឡើង
  5. ការបួសអាចអោយព្រះអល់ឡោះជាម្ចាស់ អភ័យនូវរាល់កំហុស និង បន្ថែមនូវផលបុណ្យ
  6. ការបួសជាកាតព្វកិច្ចដែលព្រះអល់ឡោះជាអម្ចាស់ដាក់បញ្ជារមកយើងតាមរយៈ គម្ពីរអាល់គួរអាន ថា៖

 ឱបណ្ដាអ្នកមានជំនឿ!អល់ឡោះបានដាក់កាតព្វកិច្ចបួសមកលើពួកអ្នកដូច
ដែលទ្រង់បានដាក់ទៅលើអ្នកជំនាន់មុនៗដែរ ដើម្បីអោយពួកអ្នកកោតខ្លាចអល់ឡោះ។
 

*បញ្ជាក់នេះជាសេចក្ដីរៀបរាប់សង្ខេបប៉ុណ្ណោះ
------------------------------------------------------------------------
អត្ថបទដោយ៖ មូហាំម៉ាត់ អុីសា វ៉ាន់ឌី វ៉ាន
ផ្សព្វផ្សាយដោយ បណ្ដាញអាល់ភីស




No comments:

Post a Comment