តើអ្នកធ្លាប់មានអារម្មណ៍ថាព្រះអល់ឡោះជាអម្ចាស់នៅឆ្ងាយពីអ្នកដែរទេ? តើអ្នកធ្លាប់មានអារម្មណ៍ថាទ្រង់មិនខ្វល់ខ្វាយពីការអធិដ្ឋានស្នើសុំរបស់អ្នកដែរទេ? ទ្រង់ស្អប់អ្នកមែនទេ? សំណួរទាំងនេះមិនមែនតែអ្នកម្នាក់ទេដែលមានអារម្មណ៍បែបនេះ មានមនុស្សជាច្រើនទៀតដែលធ្លាប់មានអារម្មណ៍បែបនេះ។ មនុស្សជាច្រើនគិតពីរឿងនេះហើយចាប់ផ្ដើមបាក់ទឹកចិត្ត ហើយនិងឯកោ។
ពេលនេះយើងសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាដោយប្រើប្រាស់ឱសថដ៏ពិសិដ្ឋនោះគឺបន្ទូលរបស់ទ្រង់ក្នុងមហាគម្ពីរអាល់គួរអាន។
តើអ្នកធ្លាប់អានជំពូកទី៩៣ដែរទេ? នោះគឺជំពូក ពន្លឺអារុណរះ(ស៊ូរោះអាត់ទូហា) អ្នកខ្លះមិនបានអានហើយអ្នកខ្លះក៏បានអានដែរ។ តែពេលនេះយើងនឹងនាំអ្នកអានជំពូកនេះម្ដងទៀត ហើយអ្នកនឹងទទួលបានចិត្តអំណរឡើងវិញព្រោះក្ដីអាណិតស្រឡាញ់របស់ទ្រង់។
តើអ្នកដឹងទេថាជំពូកពន្លឺអារុណរះនេះ ត្រូវបានទ្រង់បញ្ចុះមកអោយព្យាការីមូហាំម៉ាត់ ក្រោយពេលដែលព្យាការីមូហាំម៉ាត់មិនបានទទួលការបញ្ចុះនូវបន្ទូលណាមួយ អស់រយៈពេលជាង៦ខែ។ ក្រោយការខកខានទទួលបន្ទូលរបស់ទ្រង់អស់រយៈពេលយ៉ាងយូរបែបនេះ ព្យាការីមូហាំម៉ាត់ លោកមានអារម្មណ៍ថា ព្រះអល់ឡោះជាអម្ចាស់ លែងខ្វល់ខ្វាយនឹងលោក ទ្រង់ស្អប់លោក ទ្រង់នៅឆ្ងាយពីលោក ទ្រង់មិនត្រូវការអោយលោកធ្វើជាអ្នកនាំសាររបស់ទ្រង់ទៀតឡើយ។ ក្នុងស្ថានភាពបែបនេះ ព្យាការីមូហាំម៉ាត់លោកចាប់ផ្ដើមអស់សង្ឃឹម និង បាក់ទឹកចិត្ត មិនខុសពីអ្នករាល់គ្នាធ្លាប់មានអារម្មណ៍នោះទេ។ ក្រោយពីរឿងនេះបានកើតឡើង ព្រះអល់ឡោះជាអម្ចាស់ក៏បានបញ្ចុះជំពូកមួយនេះទៅកាន់ព្យាការីដើម្បីអោយលោក និងអ្នករាល់គ្នាមានកំលាំងចិត្តឡើងវិញ។
ក្នុងព្រះនាមនៃព្រះអល់ឡោះ មហាសប្បុរស មហាអាណិតស្រឡាញ់
"១. អល់ឡោះស្បថនឹងពេលព្រឹក។ ២. និងពេលយប់ នៅពេលដែលវាងងឹត"
"៣. ម្ចាស់របស់អ្នកមិនបានបោះបង់អ្នក និងមិនបានស្អប់ខ្ពើមអ្នកឡើយ។"
ទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ កុំអោយអ្នកគិតខុសឡើយ ព្រោះថាទ្រង់មិនស្អប់អ្នកហើយក៏មិនបោះបង់អ្នកដែរ។
"៤. ជាការពិតណាស់ថ្ងៃបរិលោកប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។ ៥. ហើយម្ចាស់របស់អ្នកពិតជានឹងប្រទានអោយអ្នក។ ហើយអ្នកប្រាកដជានឹងពេញចិត្តជាមិនខាន។"
ថ្ងៃនេះអ្នកអាចទទួលនូវភាពលំបាកផ្សេងៗដែលសុទ្ធសឹងជាការសាកល្បងរបស់ទ្រង់ចំពោះអ្នក។ អ្នកណាដែលបានអត់ធ្មត់និងដោះស្រាយវាបានប្រសើរនោះ ពិតណាស់ទ្រង់បានសន្យាយ៉ាងជាក់ច្បាស់ថានឹងតបស្នងប្រសើរបំផុតចំពោះអ្នកច្រើនជាងការអត់ធ្មត់របស់អ្នកទៅទៀត។ ហើយអ្នកនឹងពេញចិត្តចំពោះការតបស្នងវិញនៅស្ថានបរមសុខនោះ។
"៦. តើទ្រង់មិនបានឃើញអ្នក(ព្យាការីមូហាំម៉ាត់)ជាកូនកំព្រា និងទ្រង់បានថែរក្សាអ្នកទេឬ? ៧. តើទ្រង់បានឃើញអ្នកវង្វេង រួចទ្រង់បានចង្អុលបង្ហាញផ្លូវដល់អ្នកទេឬ? ៨. ហើយទ្រង់បានឃើញអ្នកជាអ្នកក្រខ្សត់ ហើយទ្រង់ធ្វើអោយអ្នកមានបានទេឬ?"
ក្នុងស្ថានភាពបាក់ទឹកចិត្តបែបនេះ ទ្រង់ណែនាំអោយព្យាការីមូហាំម៉ាត់ និង អ្នករាល់គ្នាចូរគិតឡើងវិញអំពីប្រការជាច្រើនដែលទ្រង់បានប្រទានអោយអ្នកកន្លងមក។ សាកគិតឡើងវិញទៅមើល ទ្រង់បានបើកចិត្តអ្នកអោយជឿទ្រង់។ទ្រង់បានកម្ចាត់ភាពភ័យខ្លាចនានាពីចិត្តរបស់អ្នក។ ទ្រង់សម្រួលការរស់នៅរបស់អ្នកដោយច្បាប់របស់ទ្រង់។ នៅមានរឿងជាច្រើនទៀតដែលអ្នកនឹងគិតឃើញ។
"៩. ដូច្នេះ ចូរអ្នកកុំគៀបសង្កត់ចំពោះកូនកំព្រាអោយសោះ។ ១០. ហើយចូរអ្នកកុំគំហកចំពោះអ្នកសុំទានអោយសោះ។ "
ទ្រង់ណែនាំអោយអ្នកក្រឡេកក្មេងកំព្រា និង អ្នកសុំទាន គឺមើលពីស្ថានភាពរបស់ពួកគេគឺពិបាកជាងយើងរាល់គ្នាទៅទៀត ប៉ុន្តែគេអាចអត់ធ្មត់បាន។ បើសាកល្បងប្រៀបធៀបពីជីវិតរបស់អ្នកនិងជីវិតរបស់ពួកគេអ្នកនឹងឃើញថាទ្រង់បានប្រទានអោយអ្នកយ៉ាងច្រើនបំផុតហើយ សូម្បីតែអាយុជីវិតរបស់អ្នកនៅថ្ងៃនេះ។
"១១. រីឯលាភសក្ការៈដែលម្ចាស់របស់អ្នកបានប្រទានអោយនោះ ចូរពួកអ្នករៀបរាប់(ដឹងគុណ)។"
ទ្រង់អោយអ្នករាល់គ្នារៀបរាប់ឡើងវិញពីលាភសក្ការៈដែលទ្រង់ធ្លាប់ប្រទានដល់អ្នក អ្នកនឹងគិតឡើងវិញថាទ្រង់មិនបាននៅឆ្ងាយពីអ្នក ទ្រង់មិនស្អប់អ្នកដែរ។ ហើយចូរអ្នករីករាយនឹងអ្វីដែលទ្រង់ប្រទានអោយ ពោលគឺរីករាយជាមួយនឹងអ្វីដែលខ្លួនមាន។ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់៕
សូមអរគុណដល់លោកគ្រូ Nouman Ali Khan ដែលចែករំលែកពីរឿងនេះដែលអាចអោយអត្ថបទនេះចេញផ្សាយ សម្រាប់លើកទឹកចិត្តអ្នកមានជំនឿឯទៀត
-------------
រៀបរៀងដោយ វ៉ាន វ៉ាន់ឌី
ចេញផ្សាយដោយ AL-PEAC Cambodia