ជីវប្រវត្តិកំពូលឧទ្ទេសកអ៉ីស្លាម លោក Ahmad Deedat
Ahmed Hoosen Deedat កើតនៅ Sirat ប្រទេសឥណ្ឌាក្នុងឆ្នាំ 1918 គ ស។ ឪពុករបស់គាត់បានធ្វើចំណាកស្រុកទៅអាហ្វ្រិកខាងត្បូង មិនយូរប៉ុន្មានបន្ទាប់ពីគាត់កើតមក។ នៅពេលដែលគាត់មានអាយុ 9 ឆ្នាំម្តាយរបស់គាត់បានស្លាប់ ហើយគាត់បានទៅរស់នៅជាមួយឪពុករបស់គាត់នៅអាហ្វ្រិកខាងត្បូង។ គាត់បានចូលរៀនភាសាអង់គ្លេស នៅសាលាគ្រីស្ទានមួយ។ ទោះបីជាគាត់មិនធ្លាប់រៀនភាសាអង់គ្លេសពីមុនមក តែគាត់រៀនតែរយៈពេល ៦ខែ បានបញ្ចប់ថ្នាក់បឋមសិក្សា។ ដោយសារតែបញ្ហាជីវភាពឪពុករបស់គាត់ក៏បានឱ្យគាត់ឈប់រៀន ដោយមិនបានបន្តទៅអនុវិទ្យាល័យឡើយ។ បន្ទាប់មកឪពុករបស់គាត់បានបញ្ជូនគាត់ទៅធ្វើការក្នុងហាងគ្រីស្ទានមួយ នៅទីនោះហើយដែលគាត់ចាប់ផ្តើមធ្វើការផ្សព្វផ្សាយសាសនាអ៉ីស្លាម (Da'wah) ។ ការធ្វើបទបង្ហាញលើកទីមួយ របស់គាត់មានចំណងជើងថា "មូហាំម៉ាត់ ៖ សាហារីនៃសន្តិភាព" នៅក្នុងឆ្នាំ 1942 ដែលមានអ្នកចូលរួមតែចំនួន 15 នាក់ប៉ុណ្ណោះ ។ ការ Da'wah របស់គាត់មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លី រហូតល្បីពេញអាហ្វ្រិកខាងត្បូងតែម្តង។ លោក Ahmad Deedat ត្រូវបានគេចាត់ទុកថាជាអ្នកប្រាជ្ញ និងជាអ្នកដែលមានចំណេះដឹងផ្នែកគម្ពីបរិសុទ្ធ (Bible) ជាងគម្ពីអាល់គួរអាន។ គាត់ចាំគម្ពឺបរិសុទ្ធ(Bible)រត់មាត់គ្រប់ជំពូកដោយមិនចាំបាច់បើកមើល។ គាត់មានការយល់ដឹងទូលំទូលាយផ្នែកគម្ពីបរិសុទ្ធ ដែលបានធ្វើឱ្យគ្រីស្ទបរិស័ទជាច្រើនដែលគាត់បានបង្រៀន បានគិតគូរ និងពិនិត្យឡើងវិញនូវជំនឿរបស់ពួកគេ ជាពិសេសទិដ្ឋភាពនៃគម្ពីបរិសុទ្ធ និងគម្ពីអាល់គួរអាន ដែលទាក់ទងនឹងលោក យេស៊ូ។ ជាមួយនឹងជោគជ័យដែលបានកើនឡើងបន្តបន្ទាប់ នៅឆ្នាំ 1957 លោក Ahmad Deedat និងមិត្តភក្តិពីរនាក់របស់គាត់ បានបង្កើតមជ្ឈមណ្ឌលផ្សព្វផ្សាយសាសនាអ៉ីស្លាមអន្តរជាតិ (IPCI)។ នៅចុងឆ្នាំ 1985 លោកបានទៅធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅពេលទៅដល់ដំបូងជនជាតិអារ៉ាប់មិនស្វាគមន៍គាត់ឡើយ ដោយពួកគេសំអាងថា នៅអារ៉ាប់ មានអ្នកប្រាជ្ញសាសនាឥស្លាមច្រើនណាស់។ គាត់បានសុំពេលតែ២នាទី បើគាត់និយាយហើយ គ្មាននរណាស្តាប់ គាត់នឹងទៅប្រទេសគាត់វិញ។ ក្រោយការនិយាយរបស់គាត់ ជនជាតិអារ៉ាប់ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេស សមត្ថភាពខាងផ្សព្វផ្សាយសាសនារបស់គាត់។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អារ៉ាប់ជាលើកដំបូង គាត់ក៏បានក្លាយជាបុគ្គលល្បីល្បាញពេញពិភពអារ៉ាប់តែម្តង។ ស្តេច Faisal Bin Abdul Aziz បានជូនលិខិតសរសើរ ផ្នែក Da'wah ដ៏ឆ្នើមដល់គាត់។ ក្រោយមក Shiekh Ahmad Deedat បានទៅផ្សព្វផ្សាយសាសនាអ៉ីស្លាមក្នុងប្រទេសជាច្រើនក្នុងពិភពលោកដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិច កាណាដា ស៊ុយអែត អារ៉ាប់រួម ប៉ាគីស្ថាន ឥណ្ឌា គុយវ៉ែត ម៉ាឡេស៊ី ម៉ារ៉ុក ដាណឺម៉ាក កេនយ៉ា និងអូស្រ្តាលី ជាដើម។ នៅសហរដ្ឋអាមេរិកលោកបានធ្វើការតស៊ូមតិ(Debate)ជាមួយបព្វជិតគ្រីស្ទានដ៏ល្បីល្បាញមួយចំនួន ដូចជាលោក Anis Shorrosh បន្ទាប់មកគាត់ក៏បានធ្វើតស៊ូមតិជាមួយលោក Jimmy Swaggart ដែលមានមនុស្សចូលរួម 8 ពាន់នាក់លើប្រធានបទ ៖ តើគម្ពីបរិសុទ្ធ(Bible)ជាបន្ទូលព្រះពិតឬទេ ? ហើយគាត់ក៏បានធ្វើការតស៊ូមតិ ជាមួយអ្នកផ្សេងជាច្រើនរូបទៀតផងដែរ ។
នៅក្នុងឆ្នាំ 1996 បន្ទាប់ពីត្រឡប់មកពីប្រទេសអូស្រ្តាលីមកវិញ លោក Ahmed Deedat បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលដែលធ្វើឱ្យគាត់ពិការដោយមិនអាចកំរើកបាន។ គាត់បានទទួលមរណៈភាពនៅព្រឹកថ្ងៃច័ន្ទទី 8 ខែសីហាឆ្នាំ 2005 ក្នុងអាយុ 87 ឆ្នាំ បន្ទាប់ពីតស៊ូជាមួយជំងឺអស់រយៈពេល9ឆ្នាំ។
ក្នុងមួយជីវិតរបស់លោក លោកបានផ្សព្វផ្សាយសាសនាអ៉ីស្លាម ក៏ដូចជាព្រះបន្ទូលរបស់ព្រះអល់ឡោះជាអម្ចាស់ទៅកាន់មនុស្សជាច្រើនជាពិសេសគឺអ្នកកាន់សាសនាគ្រឹស្ត មិនតែប៉ុណ្ណោះមានមនុស្សរាប់ពាន់អ្នកបានចូលមកកាន់សាសនាអ៉ីស្លាមក្រោយការបង្រៀនរបស់គាត់។ បច្ចុប្បន្នលោកAhmad Deedat បានបន្សល់ទុកអ្នកផ្សព្វផ្សាយសាសនាដ៏ល្បីល្បាញទូទាំងពិភពលោកមួយរូបទៀត ដែលជាសិស្សរបស់លោកផ្ទាល់ នោះគឺ លោក វេជ្ជបណ្ឌិត Zakir Abdul Karim Naik។
---------------------
អត្ថបទដោយ៖ មាតុភូមិ កំសត់
កែសម្រួលដោយ៖ វ៉ាន វ៉ាន់ឌី
ផ្សព្វផ្សាយដោយបណ្ដាញអាល់ភីស
No comments:
Post a Comment