Tuesday, November 27, 2018

ព្រះតែមួយ


ព្រះតែមួយ

បើគេនិយាយដល់លទ្ធិដែលជឿថាមានព្រះ ឬ អាទិទេព នោះ គេនឹកឃើញដល់សាសនាធំៗមួយចំនួនដូចជា សាសនាគ្រឹស្ដ សាសនាអ៊ីស្លាម សាសនាយូដា
សាសនាហិណ្ឌូ និង សាសនាប្រពៃណីចិនជាដើម។ តែបើគេនិយាយពីសាសនាដែលជឿថាព្រះ ឬ អាទិទេព មានតែមួយអង្គនោះគឺមានតែសាសនាអ៊ីស្លាម សាសនាគ្រឹស្ដ និង សាសនាយូដា ប៉ុណ្ណោះ។ តើអ្វីទៅជាលទ្ធិព្រះតែមួយ ឬ ឯកទេពនិយមនោះ?

លទ្ធិឯកទេពនិយម(Monotheism) ជាប្រព័ន្ធជំនឿដែលជឿថា ពិភពលោកនេះ ចក្រវាលនេះពិតជាមានព្រះ ដែលព្រះជាអទិករ(អ្នកបង្កើត) រាល់អ្វីៗទាំងអស់ ហើយព្រះជាអ្នកដែលមានទំនាក់ទំនងជាមួយមនុស្សលោក អ្វីដែលសំខាន់នោះគឺព្រះមានតែមួយអង្គគត់់ ពុំមានច្រើនដូចលទ្ធិដទៃ។

ជាការពិត ព្រះជាម្ចាស់មានតែមួយអង្គគត់ បើផ្អែកតាមការគម្ពីនៃសាសនាធំៗទាំង៣។ បន្ទូលព្រះនៅក្នុងគម្ពីគួរអាននៃសាសនាអ៊ីស្លាមចែងថា៖ 
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់។[គួរអាន ១១២:]ហើយព្រះជាម្ចាស់របស់ពួកអ្នកគឺតែមួយអង្គគត់។ គ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែល មហាសប្បុរស មហាអាណិតស្រឡាញ់នោះឡើយ។[គួរអាន ២:១៦៣]ពិតប្រាកដណាស់ ព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។[គួរអាន ៣៧:] ។ល។

រីឯសាសនាគ្រឹស្តវិញបើទោះជាមាននិកាយមួយចំនួនបង្រៀនអំពីព្រះត្រីឯក(Trinity)ប៉ុន្តែបើយើងពិនិត្យមើលក្នុងគម្ពីបរិសុទ្ធវិញយើងកត់សម្គាល់ចំនុចដែលនិយាយអំពីព្រះតែមួយដូចជា៖ 
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «នេះ​ជា​បទ​បញ្ជា​ទី​មួយៈ អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះអម្ចាស់។ ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ[ម៉ាកុស ១២:២៩], អ្នក​ជឿ​ថា​ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គត្រឹម​ត្រូវ​ហើយ ព្រមទាំងពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។[យ៉ាកុប​ ២:១៩], ក្នុង​លោក​នេះ​ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​ព្រះឯ​ណា​ទៀត​សោះ​ឡើយ។[១កូរិនថូស ៨:]
យើងឃើញហើយថានេះជាផ្នែកខ្លះនៃគម្ពីបរិសុទ្ធដែលបង្ហាញអំពីព្រះមួយអង្គ អីឡូវយើងក្រឡេកទៅមើល គម្ពីរបស់សាសនាយូដាវិញម្ដង៖  
អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះអម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។[ទុតិយកថា ៦:-], អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថាព្រះអម្ចាស់​ពិត​ជា​ព្រះជាម្ចាស់​មែន ក្រៅ​ពី​ព្រះអង្គ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។[ទុតិយកថា ៤:៣៥], សូម​អោយ​គេ​ទទួល​ស្គាល់​ថាមាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះអម្ចាស់ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុតនៅ​លើ​ផែនដី​ទាំង​មូល!។[ទំនុកតម្កើង ៨៣:១៨]


យោងតាមគម្ពីនានាខាងលើព្រះជាម្ចាស់គែមានតែមួយអង្គគត់។ អ្នកសាកស្រម៉ៃមើលថា ព្រះជាម្ចាស់គួរតែមានលក្ខណៈឯកអគ្គភាព គឺខ្ពង់ខ្ពស់លើសអស់អ្វីៗទាំងផងទាំងពួង ព្រោះបើអ្នកជាម្ចាស់មានអ្វីមួយមកប្រៀបស្មើតើទ្រង់សមជាព្រះដែលមានគ្រប់ព្រះចេស្ដាអោយយើងកោតខ្លាចទ្រង់ទេ? មួយវិញទៀតសាកគិតមើលថា តើព្រះអាចមានដៃគូរឺអ្នកប្រហាក់ប្រហែល ដើម្បីនឹងតតាំងគ្នាដូចក្នុងភាពយន្ត ដែលចំណុចនេះធ្វើអោយព្រះមានលក្ខណៈមិនខុសពីមនុស្សលោកសោះឡើយ។ ឧទាហរណ៍ងាយៗដែលយើងអាចពិចារណាបាននោះគឺ តើមនុស្សម្នាក់អាចមានម្ដាយបង្កើត២នាក់ឬច្រើនដែរឬទេ? ប្រាកដណាស់ចង់ឬមិនចង់គឺអ្នកបង្កើតដាច់ខាតគឺមានតែម្នាក់គត់។ សរុបមកវិញលទ្ធិឯកទេពនិយមផ្ដល់ភាពពិតនៃតក្កដែលអាចអោយអ្នកយល់អំពីលក្ខណៈរបស់ព្រះបាននិងសេចក្ដីពិតនៃព្រះ។

------------------------------
អត្ថបទដោយ៖ វ៉ាន វ៉ាន់ឌី

Thursday, July 5, 2018

ជីវិតដ៏ប្រពៃរបស់ព្យាការីនៃព្រះ



ជីវិតដ៏ប្រពៃរបស់ព្យាការីនៃព្រះ

អ្នកមានជំនឿនិងគ្មានជំនឿ សុទ្ធតែទទួលស្គាល់ពីវិសុទ្ធភាព និង ភាពសមសួននៃអត្តចរិកលក្ខណៈរបស់
ព្យាការី មូហាំម៉ាត់ ។ គេអាចស្គាល់ពីជីវភាពមេដឹកនាំដ៏មានឥទ្ធិពលរូបនេះ ថាគាត់ជាមនុស្សរស់នៅយ៉ាងសាមញ្ញបំផុត។ រាល់សកម្មភាពរបស់គាត់សុទ្ធតែមានក្រឹតក្រមពីព្រះអល់ឡោះជាអម្ចាស់ ជៀសផុតពីអំពើបាប និង ភាពមិនសមរម្យនានា។

-បុគ្គលិកលក្ខណៈរបស់ព្យាការីមូហាំម៉ាត់
គាត់មានអត្តចរិតស្ងប់ស្ងៀម ទន់ភ្លន់ មិនកាច និង មិនក្រេវក្រោធ។ គាត់មិនដែលស្រែកគំហកដាក់នរណាម្នាក់ឡើយ។  សំណើចរបស់គាត់ភាគច្រើនគឺជាការញញឹម។ គាត់មិនសើចក្អាកក្អាយដោយសំឡេងខ្លាំងនោះទេ។ គាត់ធ្លាប់ប្រឡែងនឹងភរិយា និង សហការីរបស់គាត់ក្នុងរបៀបសមរម្យ។ ពេលគាត់ដើរម្ដងៗមានកម្លាំងស្វាហាប់ លើកជើងផុតពីដី មិនដើរអូសជើង។ បើកាលណាគាត់ងាកមើលនរណាម្នាក់ គាត់ងាកទៅទាំងដងខ្លួន។

-លក្ខណៈសម្ដីរបស់ព្យាការីមូហាំម៉ាត់
ព្យាការីមូហាំម៉ាត់ពុំមែនជាមនុស្សនិយាយច្រើន។ កាលណាគាត់និយាយ គាត់និយាយច្បាស់ៗ ខ្លី និង មានន័យចំគោលដៅ។ កាលណាគាត់ចង់បញ្ជាក់លើកឹច្ចការណាមួយ គាត់បញ្ជាក់ឡើងវិញបីដង។ គាត់មិននិយាយអ្វីក្រៅតែពីសេចក្ដីពិត រហូតអ្នកក្រុងម៉ាក្កះដាក់ងារអោយគាត់ថា បុរសស្មោះត្រង់។ គាត់មិនចូលចិត្តការជជែកច្រើន គាត់មិននិយាយបន្តុះបង្អាប់អ្នកដទៃ ហើយក៏មិនដែលសសើរគេហួសពេកដែរ។ គាត់មិននិយាយដោយឡូឡា និងមិនស្រែកគំហកខ្លាំងៗដាក់នរណាម្នាក់។​ គាត់ធ្លាប់និយាយកំប្លែងជាមួយអ្នកដែលគាត់ស្គាល់។ គាត់មិននិយាយអ្វីឡើយលើកលែងតែគាត់រំពឹងថាការនិយាយនោះបានផលបុណ្យពីព្រះជាម្ចាស់។ គាត់ធ្លាប់មានប្រសាសន៍ថា៖ បើអ្នកមិនមានពាក្យល្អសម្រាប់និយាយទេ ចូរស្ងាត់ស្ងៀមចុះ

-ជីវភាពប្រចាំថ្ងៃរបស់ព្យាការីមូហាំម៉ាត់
ព្យាការីមូហាំម៉ាត់ពុំមានចរិតជ្រុលនិយម។ គាត់ឧស្សាហ៍ណែនាំសហការីរបស់គាត់អោយមានការអត់ធ្មត់ និងជៀសវាងពីការខឹងសម្បារ។ គាត់មិនធ្លាប់វាយដំនរណាម្នាក់ទេ។ គាត់មិនយកទោសសងទោស តែគាត់ជ្រើសយកការអត់អោនអធ្យាស្រ័យ។ គាត់តែងតែចាប់ផ្ដើមស្វាគមន៍សាឡាមទៅគេសូម្បីតែកូនក្មេង។ គាត់អង្គុយនៅកន្លែងណាដែលជៀសផុតពីការប្រជ្រៀត។ គាត់ត្រង់ត្រាប់សម្ដីគេនិយាយមកកាន់គាត់ ហើយក៏មិនកាត់សម្ដីគេដែរ។ គាត់ខ្មាសអៀន មិនធ្វើអ្វីដែលអាចអោយគេរិះគន់។ គាត់ញញឹមជាប់ ហើយក៏មានប្រសាសន៍ណែនាំថា ញញឹមក៏ជាការសាងកុសល  គាត់ពុំខ្ជះខ្ជាយហើយក៏មិនរិះស្វិត គឺការរស់នៅជាមធ្យមធម្មតា។ គាត់មិនហូបចំណីច្រើន ហើយមិនបន្តុះ​បង្អាប់អាហារ។ គាត់អរព្រះគុណចំពោះព្រះអល់ឡោះជាអម្ចាស់ក្រោយគាត់ហូបអាហាររួច។ គាត់ដូចជាមនុស្សទូទៅដែរ គាត់បម្រើខ្លួនឯង គាត់រឹតទឹកដោះពពែ ពេលនៅផ្ទះទំណេរគាត់ជួយការងារផ្ទះ ដោយមិនប្រកាន់នោះទេ។ គាត់ស្រលាញ់អនាម័យ គាត់ស្អាតបាតមិនលើសពីលទ្ធភាព គាត់ចូលចិត្តគ្រឿងក្រអូបមានក្លិនឈ្ងុយ ហើយគាត់លាបសារធាតុម្យ៉ាងលើត្របកភ្នែកគាត់។ គាត់មានចិត្តសប្បុរស ទូលាយ។ ស្ថានភាពគ្រួសាររបស់គាត់មិនក្រលំបាកពេក ក៏មិនមានណាស់ណាដែរ។ គាត់តែហាមគ្រួសារគាត់ពីការទទួលពន្ធបរិច្ចាគ(ហ្សាកាត់)។ គាត់រស់នៅក្នុងផ្ទះតូចមួយសាមញ្ញ សង់ពីដីឥដ្ឋ ប្រក់ធាងល្មើនិងស្បែកអូដ្ឋ។
គម្ពីគួរអានបានលើកឡើងចំពោះព្យាការីថា៖
" ប្រាកដណាស់អ្នកឋិតលើអត្តចរិតដ៏ឧត្តុង្គឧត្តម " 
៤ៈ៦៨
-------------------------------
សង្ខេបពីសៀវភៅ៖ ព្យាការីអ៊ីស្លាម មូហាំម៉ាត់
អត្ថបទនេះ ត្រូវបានរក្សាសិទ្ធិ និង ផ្ដល់កិត្តិយសគ្រប់យ៉ាងទៅចំពោះ
អ្នកនិពន្ធ៖ លោក​​​ បណ្ឌិត ហីសាម ជេបតូក្ហឡូ
បោះពុម្ពផ្សាយដោយ៖ បណ្ឌិតសភាអូស្ត្រាលីសិក្សាស្រាវជ្រាវនិង
វិទ្យាសាស្ត្រអ៊ីស្លាមទីក្រុងស៊ីដនី
ផ្សាយបន្តដោយ បណ្ដាញអាល់ភីស កម្ពុជា

Wednesday, March 21, 2018

ភេរវករភាគច្រើនជាអ្នកកាន់សាសនាអ៉ីស្លាម?

ភេរវករភាគច្រើនជាអ្នកកាន់សាសនាអ៉ីស្លាម?

សំណួរនេះជារឿយៗត្រូវបានគេតិទៀនចំពោះបណ្ដាអ្នកកាន់សាសនាអ៉ីស្លាម។ ជាការពិតការបំភ្លៃព័ត៍មាន និង ការឃោសនាក្លែងពីការពិត តែងតែបណ្ដាលអោយមានការរើសអើង និង អំពើរហិង្សាប្រឆាំងអ្នកកាន់សាសនាអ៉ីស្លាម។
ឧទាហរណ៍ ដូចជាយុទ្ធាការប្រឆាំងជនមូស្លីមក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិច ក្រោយការបំផ្ទុះគ្រាប់បែកនៅទីក្រុង Oklahoma ដែលព័ត៍មានបានចុះផ្សាយយ៉ាងលឿនថា អ្នកមូស្លីមស្ថិតនៅពីក្រោយការវាយប្រហារនេះ។ ក្រោយមកទើបគេរកឃើញថាការផ្ទុះគ្រាប់បែកនោះជាស្នាដៃរបស់ទាហានម្នាក់មកពីកងទ័ពជើងគោកអាមេរិច។ ខាងក្រោមនេះជាហេតុផលមួយចំនួនទៀតដែលអ្នកគួរពិចារណា។

១.ប្រព័ន្ធផ្សព្វផ្សាយបំភ្លៃ
ប្រព័ន្ធផ្សព្វផ្សាយព័ត៍មានធំៗភាគច្រើនសុទ្ធតែស្ថិតក្រិមការគ្រប់គ្រង់របស់បច្ចឹមលោក ដែលពួកគេសុទ្ធតែមិនពេញចិត្តចំពោះការរីកដុះដាលរបស់សាសនាអ៉ីស្លាម។ ពួកគេផ្ដល់ព័ត៍មានដែលនាំអោយមានការយល់ច្រឡំដល់អ៉ីស្លាម, ការដកស្រង់ខុស ឬ ទាញយកតែមួយជ្រុងមកផ្សព្វផ្សាយ។ នៅពេលមានការបំផ្ទុះគ្រាប់បែកនៅកន្លែងណាមួយ អ្នកដែលគេចោទដោយគ្មានភស្ដុតាងមុនគេគឺជា អ្នកកាន់សាសនាអ៉ីស្លាម វានឹងស្ថិតនៅចំណងជើងធំជាងគេក្នុងព័ត៍មាន។ ក្រោយការរកឃើញនោះថា អ្នកមិនមែនមូស្លីមជាអ្នកប្រព្រឹត្ត គេក៏មិនសូវយកចិត្តទុកដាក់ ហើយចាត់ជាព័ត៍មានមិនសូវសំខាន់។ ឧទាហរណ៍ជាក់ស្ដែង នៅឆ្នាំមុនមានករណីពួកភេរវករ សម្លាប់កងទ័ពមួកខៀវកម្ពុជា២រូប នៅប្រទេសអាហ្វ្រិកកណ្ដាល។ ព័ត៍មានបឋម ដែលគេចាប់អារម្មណ៍ជាងគេនោះគឺអ្នកសម្លាប់ជា ពួកភេរវករមូស្លីម។ ក្រោយមកព័ត៍មានច្បាស់ការបានផ្សព្វផ្សាយថាគឺជាស្នាដៃរបស់ក្រុម Anti-Balaka ដែលជាក្រុមភេរវករគ្រីស្ទានប្រឆាំងមូស្លីម តែព័ត៍មាននេះហាក់ដូចជាមិនត្រូវបានគេចាប់អារម្មណ៍សោះ។ មួយវិញទៀតព័ត៍មានក្នុងស្រុក នៅពេលផ្សព្វផ្សាយបទល្មើសណាមួយ បើអ្នកប្រព្រឹត្តជាមូស្លីម គេនឹងបញ្ជាក់ថា " បុរសខ្មែរអ៉ីស្លាមម្នាក់ រំលោភ,ប្លន់,សម្លាប់..," ខណៈដែលករណីដូចគ្នាតែប្រព្រឹត្តដោយអ្នកកាន់សាសនាផ្សេងគេគ្រាន់តែបង្ហាញឈ្មោះជនល្មើសប៉ុណ្ណោះ។ 

២.ចៀមខ្មៅមាននៅគ្រប់សហគមន៍
ជាការពិតណាស់យើងទទួលស្គាល់ថា មានអ្នកកាន់សាសនាអ៉ីស្លាមខ្លះមិនមែនជាអ្នកប្រតិបត្តិសាសនាខ្ជាប់ខ្ជួន ហើយគេប្រព្រឹត្តបទល្មើសនានាពិតមែន។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយផ្ដោតសំខាន់លើបញ្ហានេះហាក់ដូចជា អ្នកមូស្លីមទាំងអស់ប្រព្រឹត្តដូចជនល្មើសអ៉ីចឹង។ ហើយយើងក៏ត្រូវតែទទួលស្គាល់ដែលថា សហគមន៍ណាក៏មានចៀមពណ៍ខ្មៅ(មនុស្សមិនល្អ)ដែរ។ 

៣.បើអ្នកចង់វិនិច្ឆ័យអ៉ីស្លាម
បើអ្នកចង់វិនិច្ឆ័យថាអ៉ីស្លាមល្អឬអាក្រក់នោះ វិធីតែម្យ៉ាងគត់ដែលអ្នកគួរតែពិនិត្យមើលនោះគឺ គម្ពីរអាល់គួរអាន។  ពិតណាស់គេមិនអាចវាយតម្លៃសាសនាណាមួយដោយយោងតាមការប្រព្រិត្តរបស់អ្នកកាន់សាសនានោះទេ តែសូមមើលការបង្រៀនពីច្បាប់,ទស្សនៈវិជ្ជា និង ការអប់រំរបស់សាសនានោះ។ បើអ្នកចង់វិនិច្ឆ័យទៅលើការប្រព្រឹត្តរបស់អ្នកកាន់សាសនានោះ សូមកុំមើលទៅ ថ្នាក់ដឹកនាំអ៉ីស្លាម ឬ អ្នកផ្សេងណាម្នាក់នោះឡើយ យើងខ្ញុំសូមណែនាំមនុស្សម្នាក់ដែលអ្នកអាចមើលគាត់បាននោះគឺ ព្យាការីមូហាំម៉ាត់។ 

ព្រះជាម្ចាស់មានបន្ទូលក្នុងគម្ពីរអាល់គួរអានថា:
"ជាការពិតណាស់ អ្នកណាដែលបាន សម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុ ឬបង្កវិនាសកម្មនៅលើ ផែនដី គឺហាក់បីដូចជាគេបានសម្លាប់មនុស្សលោកទាំងអស់់។ ហើយ អ្នកណាបានសង្គ្រោះជីវិតបុគ្គលណាម្នាក់ គឺហាក់បីដូចជាគេបានជួយ សង្គ្រោះជីវិតមនុស្សលោកទាំងអស់។" -៥:១៣

ជីវប្រវត្តិកំពូលឧទ្ទេសកអ៉ីស្លាម លោក Ahmad Deedat

ជីវប្រវត្តិកំពូលឧទ្ទេសកអ៉ីស្លាម លោក Ahmad Deedat


Ahmed Hoosen Deedat កើតនៅ Sirat ប្រទេសឥណ្ឌាក្នុងឆ្នាំ 1918 គ ស។ ឪពុករបស់គាត់បានធ្វើចំណាកស្រុកទៅអាហ្វ្រិកខាងត្បូង មិនយូរប៉ុន្មានបន្ទាប់ពីគាត់កើតមក។ នៅពេលដែលគាត់មានអាយុ 9 ឆ្នាំម្តាយរបស់គាត់បានស្លាប់ ហើយគាត់បានទៅរស់នៅជាមួយឪពុករបស់គាត់នៅអាហ្វ្រិកខាងត្បូង។ គាត់បានចូលរៀនភាសាអង់គ្លេស នៅសាលាគ្រីស្ទានមួយ។ ទោះបីជាគាត់មិនធ្លាប់រៀនភាសាអង់គ្លេសពីមុនមក តែគាត់រៀនតែរយៈពេល ៦ខែ បានបញ្ចប់ថ្នាក់បឋមសិក្សា។ ដោយសារតែបញ្ហាជីវភាពឪពុករបស់គាត់ក៏បានឱ្យគាត់ឈប់រៀន ដោយមិនបានបន្តទៅអនុវិទ្យាល័យឡើយ។ បន្ទាប់មកឪពុករបស់គាត់បានបញ្ជូនគាត់ទៅធ្វើការក្នុងហាងគ្រីស្ទានមួយ នៅទីនោះហើយដែលគាត់ចាប់ផ្តើមធ្វើការផ្សព្វផ្សាយសាសនាអ៉ីស្លាម (Da'wah) ។ ការធ្វើបទបង្ហាញលើកទីមួយ របស់គាត់មានចំណងជើងថា "មូហាំម៉ាត់ ៖ សាហារីនៃសន្តិភាព" នៅក្នុងឆ្នាំ 1942 ដែលមានអ្នកចូលរួមតែចំនួន 15 នាក់ប៉ុណ្ណោះ ។ ការ Da'wah របស់គាត់មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លី រហូតល្បីពេញអាហ្វ្រិកខាងត្បូងតែម្តង។ លោក Ahmad Deedat ត្រូវបានគេចាត់ទុកថាជាអ្នកប្រាជ្ញ និងជាអ្នកដែលមានចំណេះដឹងផ្នែកគម្ពីបរិសុទ្ធ (Bible) ជាងគម្ពីអាល់គួរអាន។ គាត់ចាំគម្ពឺបរិសុទ្ធ(Bible)រត់មាត់គ្រប់ជំពូកដោយមិនចាំបាច់បើកមើល។ គាត់មានការយល់ដឹងទូលំទូលាយផ្នែកគម្ពីបរិសុទ្ធ ដែលបានធ្វើឱ្យគ្រីស្ទបរិស័ទជាច្រើនដែលគាត់បានបង្រៀន បានគិតគូរ និងពិនិត្យឡើងវិញនូវជំនឿរបស់ពួកគេ ជាពិសេសទិដ្ឋភាពនៃគម្ពីបរិសុទ្ធ និងគម្ពីអាល់គួរអាន ដែលទាក់ទងនឹងលោក យេស៊ូ។ ជាមួយនឹងជោគជ័យដែលបានកើនឡើងបន្តបន្ទាប់ នៅឆ្នាំ 1957 លោក Ahmad Deedat និងមិត្តភក្តិពីរនាក់របស់គាត់ បានបង្កើតមជ្ឈមណ្ឌលផ្សព្វផ្សាយសាសនាអ៉ីស្លាមអន្តរជាតិ (IPCI)។ នៅចុងឆ្នាំ 1985 លោកបានទៅធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅពេលទៅដល់ដំបូងជនជាតិអារ៉ាប់មិនស្វាគមន៍គាត់ឡើយ ដោយពួកគេសំអាងថា នៅអារ៉ាប់ មានអ្នកប្រាជ្ញសាសនាឥស្លាមច្រើនណាស់។ គាត់បានសុំពេលតែ២នាទី បើគាត់និយាយហើយ គ្មាននរណាស្តាប់ គាត់នឹងទៅប្រទេសគាត់វិញ។ ក្រោយការនិយាយរបស់គាត់ ជនជាតិអារ៉ាប់ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេស សមត្ថភាពខាងផ្សព្វផ្សាយសាសនារបស់គាត់។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អារ៉ាប់ជាលើកដំបូង គាត់ក៏បានក្លាយជាបុគ្គលល្បីល្បាញពេញពិភពអារ៉ាប់តែម្តង។ ស្តេច Faisal Bin Abdul Aziz បានជូនលិខិតសរសើរ ផ្នែក Da'wah ដ៏ឆ្នើមដល់គាត់។ ក្រោយមក Shiekh Ahmad Deedat បានទៅផ្សព្វផ្សាយសាសនាអ៉ីស្លាមក្នុងប្រទេសជាច្រើនក្នុងពិភពលោកដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិច កាណាដា ស៊ុយអែត អារ៉ាប់រួម ប៉ាគីស្ថាន ឥណ្ឌា គុយវ៉ែត ម៉ាឡេស៊ី ម៉ារ៉ុក ដាណឺម៉ាក កេនយ៉ា និងអូស្រ្តាលី ជាដើម។ នៅសហរដ្ឋអាមេរិកលោកបានធ្វើការតស៊ូមតិ(Debate)ជាមួយបព្វជិតគ្រីស្ទានដ៏ល្បីល្បាញមួយចំនួន ដូចជាលោក Anis Shorrosh បន្ទាប់មកគាត់ក៏បានធ្វើតស៊ូមតិជាមួយលោក Jimmy Swaggart ដែលមានមនុស្សចូលរួម 8 ពាន់នាក់លើប្រធានបទ ៖ តើគម្ពីបរិសុទ្ធ(Bible)ជាបន្ទូលព្រះពិតឬទេ ? ហើយគាត់ក៏បានធ្វើការតស៊ូមតិ ជាមួយអ្នកផ្សេងជាច្រើនរូបទៀតផងដែរ ។ 


        នៅក្នុងឆ្នាំ 1996 បន្ទាប់ពីត្រឡប់មកពីប្រទេសអូស្រ្តាលីមកវិញ លោក Ahmed Deedat បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលដែលធ្វើឱ្យគាត់ពិការដោយមិនអាចកំរើកបាន។ គាត់បានទទួលមរណៈភាពនៅព្រឹកថ្ងៃច័ន្ទទី 8 ខែសីហាឆ្នាំ 2005  ក្នុងអាយុ 87 ឆ្នាំ បន្ទាប់ពីតស៊ូជាមួយជំងឺអស់រយៈពេល9ឆ្នាំ។
         ក្នុងមួយជីវិតរបស់លោក លោកបានផ្សព្វផ្សាយសាសនាអ៉ីស្លាម ក៏ដូចជាព្រះបន្ទូលរបស់ព្រះអល់ឡោះជាអម្ចាស់ទៅកាន់មនុស្សជាច្រើនជាពិសេសគឺអ្នកកាន់សាសនាគ្រឹស្ត មិនតែប៉ុណ្ណោះមានមនុស្សរាប់ពាន់អ្នកបានចូលមកកាន់សាសនាអ៉ីស្លាមក្រោយការបង្រៀនរបស់គាត់។ បច្ចុប្បន្នលោកAhmad Deedat បានបន្សល់ទុកអ្នកផ្សព្វផ្សាយសាសនាដ៏ល្បីល្បាញទូទាំងពិភពលោកមួយរូបទៀត ដែលជាសិស្សរបស់លោកផ្ទាល់ នោះគឺ លោក វេជ្ជបណ្ឌិត Zakir Abdul Karim Naik។ 
---------------------

អត្ថបទដោយ៖ មាតុភូមិ កំសត់
កែសម្រួលដោយ៖ វ៉ាន វ៉ាន់ឌី
ផ្សព្វផ្សាយដោយបណ្ដាញអាល់ភីស

Wednesday, January 24, 2018

តើយើងគួរធ្វើពិធីខួបកំណើតឬទេ?


អំពីបុណ្យខួបកំណើត

បច្ចប្បន្ននេះគេសង្កេតឃើញថា ការធ្វើពិធីបុណ្យខួបកំណើតត្រូវបានគេនិយមធ្វើនៅទូទាំងពិភពលោក រាប់ចាប់តាំងពីមនុស្សសាមញ្ញរហូតដល់អច្ឆរិយ:បុគ្គល។ តើការធ្វើបុណ្យខួបកំណើតនេះមានមូលដ្ឋានគ្រឹះច្បាស់លាស់ គ្រប់គ្រាន់ដើម្បីអោយយើងប្រារព្ធវាឡើងទេ?

-នៅក្នុងគម្ពីអាល់គួរអាន
គេមិនបានឃើញវាក្យខណ្ឌណាមួយដែលបាននិយាយពីបុណ្យខួបកំណើតឡើយ។ ក្នុងចំពូកទី៣៣ វាក្យខណ្ឌទី៣១ បានលើកឡើងថា "ហើយអ្នកណាក្នុងចំណោមពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងសាងអំពើល្អ យើងនឹងប្រទានឱ្យ អ្នកនូវផលបុណ្យទេ្វដង" យើងឃើញថាព្រះជាម្ចាស់បង្គាប់អោយធ្វើតាមព្យាការីរបស់ទ្រង់ក៏ប៉ុន្តែ ក្នុងមួយឆាកជីវិតរបស់ព្យាការី មូហាំម័ត គេមិនឃើញថា មានពេលណាមួយដែលលោកធ្វើពិធីខួបកំណើត ឬ ចូលរួមពិធីខួបកំណើតដែរ។ បើទោះជាមានក្រុមមួយចំនួនប្រារព្ធពិធី"ម៉ៅឡុត"ដែលជាការរំលឹកដល់ថ្ងៃកំណើតព្យាការីម៉ូហាំម៉ាត់ ក៏មានសាសនវិទូអ៊ីស្លាមមួយភាគធំមិនយល់ស្របនឹងពិធីនេះដែរ ហើយចាត់ទុកថាជាការបង្កើតថ្មីមិនសមទំនង។ គិតត្រឹមនេះគឺគ្រប់គ្រាន់ហើយ ដែលយើងមិនគួរប្រារព្ធពិធីនេះ។

-នៅក្នុងសាសនាគ្រីស្ទ
គេឃើញថា ពិធីបុណ្យខួបកំណើតមានលើកតែ២ប៉ុណ្ណោះក្នុងគម្ពីរបរិសុទ្ធ នោះគឺ របស់ព្រះចៅផារ៉ោន(លោកុប្បត្តិ ៤០:២០)និង ព្រះបាទហេរ៉ូដ(ម៉ាកុស ៦:២១) ដែលអ្នកទាំង២សុទ្ធតែជាមនុស្សមិនគោរពព្រះ។ រីឯខួបកំណើតលោកយេស៊ូ ដែលគ្រីស្ទបរិស័ទប្រារព្ធឡើងហៅថា គ្រីស្មាស ឬ ណូអែល នោះក៏មិនមានក្នុងព្រះគម្ពីរដែរ។  ពោលគឺថ្ងៃទី២៥ធ្នូនោះគឺជាបុណ្យខួបកំណើតព្រះអាទិត្យរបស់ជនជាតិរ៉ូម តែដោយចង់អោយប្រជាពនប្ដូរមកកាន់សាសនាគ្រីស្ទ ទើបគេខំកែច្នៃអោយទៅជាបុណ្យខួបកំណើតលោកយេស៊ូវិញ។  ហើយអស់រយៈពេលយ៉ាងយូរក្រោយពេលលោកយេស៊ូ ទើបមនុស្សចាប់ផ្ដើមធ្វើបុណ្យនេះ ហើយគ្រីស្ទបរិស័ទនៅគ្រីស្ទសករាជទី១ក៏មិនបានធ្វើពិធីនេះដែរ។ ដូចនេះគ្មានអ្វីដែលជំរុញអោយយើងធ្វើបុណ្យខួបកំណើតឡើយ។

-បុណ្យខួបកំណើតក្នុងវប្បធម៍ខ្មែរ 
តាមវប្បធម៍ខ្មែរបុរាណការធ្វើពិធីខួបកំណើត គឺជាប់ទាក់ទងនឹងព្រលឹងវិញ្ញាណ ដែលខ្មែរហៅថា ខ្មោចម្ដាយដើម ឬ គ្រូដើម។ ដូចនេះមិនថាមានលក្ខខណ្ឌបែបណាបើអ្នកជាអ្នកជឿព្រះ អ្នកពុំគួរមានចំណែកក្នុងពិធីបែបនេះឡើយ។

**ចូរពិចារណាបើសិនជាអ្នករៀបចំពិធីនេះដើម្បីតែការសប្បាយ និង សេពសុរា ជាដើម។
**ថ្ងៃកំណើតជាថ្ងៃដែលម្ដាយរបស់យើងប្ដូរអាយុក្នុងការប្រសូតយើងមក វាពុំគួរជាថ្ងៃដែលយើងផឹកស៊ីសប្បាយអរជាមួយមិត្តភ័ក្ដនោះទេ។
**ហើយការធ្វើអំពើល្អចំពោះឪពុកម្ដាយ ពុំចាំបាច់តែធ្វើនៅថ្ងៃកំណើតឡើយ យើងគួរគប្បីធ្វើវាជាប្រចាំព្រោះវាជាកាតព្វកិច្ចរបស់យើង។
-------------------------------------
អត្ថបទដោយ : វ៉ាន វ៉ាន់ឌី