Thursday, August 24, 2017

ធ្លាប់មានអារម្មណ៍ថាព្រះអល់ឡោះនៅឆ្ងាយពីយើងដែររឺទេ?



      តើអ្នកធ្លាប់មានអារម្មណ៍ថាព្រះអល់ឡោះជាអម្ចាស់នៅឆ្ងាយពីអ្នកដែរទេ? តើអ្នកធ្លាប់មានអារម្មណ៍ថាទ្រង់មិនខ្វល់ខ្វាយពីការអធិដ្ឋានស្នើសុំរបស់អ្នកដែរទេ? ទ្រង់ស្អប់អ្នកមែនទេ? សំណួរទាំងនេះមិនមែនតែអ្នកម្នាក់ទេដែលមានអារម្មណ៍បែបនេះ មានមនុស្សជាច្រើនទៀតដែលធ្លាប់មានអារម្មណ៍បែបនេះ។ មនុស្សជាច្រើនគិតពីរឿងនេះហើយចាប់ផ្ដើមបាក់ទឹកចិត្ត ហើយនិងឯកោ។ 
   
     ពេលនេះយើងសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាដោយប្រើប្រាស់ឱសថដ៏ពិសិដ្ឋនោះគឺបន្ទូលរបស់ទ្រង់ក្នុងមហាគម្ពីរអាល់គួរអាន។

     តើអ្នកធ្លាប់អានជំពូកទី៩៣ដែរទេ? នោះគឺជំពូក ពន្លឺអារុណរះ(ស៊ូរោះអាត់ទូហា) អ្នកខ្លះមិនបានអានហើយអ្នកខ្លះក៏បានអានដែរ។ តែពេលនេះយើងនឹងនាំអ្នកអានជំពូកនេះម្ដងទៀត ហើយអ្នកនឹងទទួលបានចិត្តអំណរឡើងវិញព្រោះក្ដីអាណិតស្រឡាញ់របស់ទ្រង់។
     
   តើអ្នកដឹងទេថាជំពូកពន្លឺអារុណរះនេះ ត្រូវបានទ្រង់បញ្ចុះមកអោយព្យាការីមូហាំម៉ាត់ ក្រោយពេលដែលព្យាការីមូហាំម៉ាត់មិនបានទទួលការបញ្ចុះនូវបន្ទូលណាមួយ អស់រយៈពេលជាង៦ខែ។ ក្រោយការខកខានទទួលបន្ទូលរបស់ទ្រង់អស់រយៈពេលយ៉ាងយូរបែបនេះ ព្យាការីមូហាំម៉ាត់ លោកមានអារម្មណ៍ថា ព្រះអល់ឡោះជាអម្ចាស់ លែងខ្វល់ខ្វាយនឹងលោក ទ្រង់ស្អប់លោក ទ្រង់នៅឆ្ងាយពីលោក ទ្រង់មិនត្រូវការអោយលោកធ្វើជាអ្នកនាំសាររបស់ទ្រង់ទៀតឡើយ។ ក្នុងស្ថានភាពបែបនេះ ព្យាការីមូហាំម៉ាត់លោកចាប់ផ្ដើមអស់សង្ឃឹម និង បាក់ទឹកចិត្ត មិនខុសពីអ្នករាល់គ្នាធ្លាប់មានអារម្មណ៍នោះទេ។ ក្រោយពីរឿងនេះបានកើតឡើង ព្រះអល់ឡោះជាអម្ចាស់ក៏បានបញ្ចុះជំពូកមួយនេះទៅកាន់ព្យាការីដើម្បីអោយលោក និងអ្នករាល់គ្នាមានកំលាំងចិត្តឡើងវិញ។

ក្នុងព្រះនាមនៃព្រះអល់ឡោះ មហាសប្បុរស មហាអាណិតស្រឡាញ់
"១. អល់ឡោះស្បថនឹងពេលព្រឹក។ ២. និងពេលយប់ នៅពេលដែលវាងងឹត"
"៣. ម្ចាស់របស់អ្នកមិនបានបោះបង់អ្នក និងមិនបានស្អប់ខ្ពើមអ្នកឡើយ។"
   ទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ កុំអោយអ្នកគិតខុសឡើយ ព្រោះថាទ្រង់មិនស្អប់អ្នកហើយក៏មិនបោះបង់អ្នកដែរ។

"៤. ជាការពិតណាស់ថ្ងៃបរិលោកប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។ ៥. ហើយម្ចាស់របស់អ្នកពិតជានឹងប្រទានអោយអ្នក។ ហើយអ្នកប្រាកដជានឹងពេញចិត្តជាមិនខាន។"
ថ្ងៃនេះអ្នកអាចទទួលនូវភាពលំបាកផ្សេងៗដែលសុទ្ធសឹងជាការសាកល្បងរបស់ទ្រង់ចំពោះអ្នក។ អ្នកណាដែលបានអត់ធ្មត់និងដោះស្រាយវាបានប្រសើរនោះ ពិតណាស់ទ្រង់បានសន្យាយ៉ាងជាក់ច្បាស់ថានឹងតបស្នងប្រសើរបំផុតចំពោះអ្នកច្រើនជាងការអត់ធ្មត់របស់អ្នកទៅទៀត។ ហើយអ្នកនឹងពេញចិត្តចំពោះការតបស្នងវិញនៅស្ថានបរមសុខនោះ។

"៦. តើទ្រង់មិនបានឃើញអ្នក(ព្យាការីមូហាំម៉ាត់)ជាកូនកំព្រា និងទ្រង់បានថែរក្សាអ្នកទេឬ? ៧. តើទ្រង់បានឃើញអ្នកវង្វេង រួចទ្រង់បានចង្អុលបង្ហាញផ្លូវដល់អ្នកទេឬ? ៨. ហើយទ្រង់បានឃើញអ្នកជាអ្នកក្រខ្សត់ ហើយទ្រង់ធ្វើអោយអ្នកមានបានទេឬ?"
    ក្នុងស្ថានភាពបាក់ទឹកចិត្តបែបនេះ ទ្រង់ណែនាំអោយព្យាការីមូហាំម៉ាត់ និង អ្នករាល់គ្នាចូរគិតឡើងវិញអំពីប្រការជាច្រើនដែលទ្រង់បានប្រទានអោយអ្នកកន្លងមក។ សាកគិតឡើងវិញទៅមើល ទ្រង់បានបើកចិត្តអ្នកអោយជឿទ្រង់។ទ្រង់បានកម្ចាត់ភាពភ័យខ្លាចនានាពីចិត្តរបស់អ្នក។ ទ្រង់សម្រួលការរស់នៅរបស់អ្នកដោយច្បាប់របស់ទ្រង់។ នៅមានរឿងជាច្រើនទៀតដែលអ្នកនឹងគិតឃើញ។

"៩. ដូច្នេះ ចូរអ្នកកុំគៀបសង្កត់ចំពោះកូនកំព្រាអោយសោះ។ ១០. ហើយចូរអ្នកកុំគំហកចំពោះអ្នកសុំទានអោយសោះ។ "
ទ្រង់ណែនាំអោយអ្នកក្រឡេកក្មេងកំព្រា និង អ្នកសុំទាន គឺមើលពីស្ថានភាពរបស់ពួកគេគឺពិបាកជាងយើងរាល់គ្នាទៅទៀត ប៉ុន្តែគេអាចអត់ធ្មត់បាន។ បើសាកល្បងប្រៀបធៀបពីជីវិតរបស់អ្នកនិងជីវិតរបស់ពួកគេអ្នកនឹងឃើញថាទ្រង់បានប្រទានអោយអ្នកយ៉ាងច្រើនបំផុតហើយ សូម្បីតែអាយុជីវិតរបស់អ្នកនៅថ្ងៃនេះ។

"១១. រីឯលាភសក្ការៈដែលម្ចាស់របស់អ្នកបានប្រទានអោយនោះ ចូរពួកអ្នករៀបរាប់(ដឹងគុណ)។"
ទ្រង់អោយអ្នករាល់គ្នារៀបរាប់ឡើងវិញពីលាភសក្ការៈដែលទ្រង់ធ្លាប់ប្រទានដល់អ្នក អ្នកនឹងគិតឡើងវិញថាទ្រង់មិនបាននៅឆ្ងាយពីអ្នក ទ្រង់មិនស្អប់អ្នកដែរ។ ហើយចូរអ្នករីករាយនឹងអ្វីដែលទ្រង់ប្រទានអោយ ពោលគឺរីករាយជាមួយនឹងអ្វីដែលខ្លួនមាន។ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់៕

    សូមអរគុណដល់លោកគ្រូ Nouman Ali Khan ដែលចែករំលែកពីរឿងនេះដែលអាចអោយអត្ថបទនេះចេញផ្សាយ សម្រាប់លើកទឹកចិត្តអ្នកមានជំនឿឯទៀត

-------------
រៀបរៀងដោយ វ៉ាន វ៉ាន់ឌី
ចេញផ្សាយដោយ AL-PEAC Cambodia

Friday, August 4, 2017

វិញ្ញាណបរិសុទ្ធក្នុងសាសនាអ៊ីស្លាម




   នៅក្នុងសាសនាអុីស្លាមវិញ្ញាណបរិសុទ្ធគឺជាទេវតាជីព្រីល(នៅក្នុងគម្ពីរប៊ីបរបស់គ្រឹស្ដសាសនាដែលសរសេរជាភាសាហេប្រឺហៅឈ្មោះនេះ
ថា ហ្គាប្រីល) ជាទេវតាដែលព្រះអល់ឡោះជាអម្ចាស់បានបង្កើតមក។ ជួនកាលគាត់ត្រូវបានបង្ហាញដោយឈ្មោះថាជីព្រីល តែម្ដង។ហើយជួនកាលគាត់ត្រូវបានបង្ហាញដោយពាក្យវិញ្ញាណបរិសុទ្ធ។ គាត់ជាទេវតាម្នាក់គត់ ក្នុងចំណោមទេវតាទាំងអស់ដែលទទូលបានឈ្មោះថា វិញ្ញាណបរិសុទ្ធ ហើយតួនាទីសំខាន់របស់គាត់គឺ ការបើកបង្ហាញនូវបទគម្ពីរនានា ហើយក៏ជាអ្នកជួយគាំទ្រ , ការពារ និង ជ្រោមជ្រែងដល់បណ្ដាព្យាការីរបស់ព្រះ និង បណ្ដាមនុស្សដែលគោរពប្រណិប័តន៍ព្រះ។
     ហើយគម្ពីរគួរអាន បានប្រាប់យើងអំពីការ  បញ្ចុុះគម្ពីរអាល់គួរអាន តាមរយៈជីព្រីល ថា៖

ចូរអ្នក(មូហាំម័ត)ពោលថា៖អ្នកណាដែលបានចាត់ទុកជីព្រីលជាសត្រូវ តាមពិតជីព្រីលគ្រាន់តែជាអ្នកនាំគម្ពីរគួរអានចុះមកក្នុងចិត្តរបស់អ្នក តាមបទបញ្ជារបស់        អល់ឡោះតែប៉ុណ្ណោះ ដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនមក (ដូចជាគម្ពីរតាវរ៉ត,      អុីញជីល...)និងដើម្បីចង្អុលបង្ហាញព្រមទាំងផ្ដល់ដំណឹងរីករាយសម្រាប់បណ្ដាអ្្នកមានជំនឿ។[ចំពូកអាន់ណះល៍១៦:១០២]


     បើយើងពិនិត្យមើល វាក្យខណ្ឌខាងលើនេះយើងឃើញថា គម្ពីរអាល់គួរអាន ត្រូវបានបញ្ចុះពីព្រះតាមរយៈ ជីព្រីល ។ ដើម្បីសំយោគគ្នាទៅវិញទៅមក ចូរយើងពិនិត្យមើលទៅលើ វាក្យខណ្ឌមួយទៀតនៃគម្ពីរ  អាល់គួរអាន៖

     ចូរអ្នក(មូហាំម័ត)ពោលថា៖ វិញ្ញាណបរិសុទ្ធបានបញ្ចុះវា(គម្ពីរគួរអាន) មកពីម្ចាស់របស់អ្នក ដោយពិតប្រាកដ ដើម្បីពង្រឹងដល់ បណ្ដាអ្នកមានជំនឿ និង ជាការចង្អុលបង្ហាញ ហើយនិងជាការផ្ដល់ដំណឹងល្អចំពោះអ្នកមូស្លីម 

[ចំពូកអាន់ណះល៍ ១៦:១០២]

     វាក្យខណ្ឌនេះ ប្រាប់យើងអំពីព័ត៌មាន ដែលលើកឡើងអំពី ការបញ្ចុះគម្ពីរអាល់គួរអានតាមរយៈ វិញ្ញាណបរិសុទ្ធ ដូច្នេះយើងអាចដឹងបានថា អ្នកនាំចុះមកនូវគម្ពីរគួរអានគឺជាតួអង្គតែមួយ។ សេចក្ដីសន្និដ្ឋានរួមគឺ ជីព្រីល គឺជា វិញ្ញាណបរិសុទ្ធ។ បន្ទាប់ទៀត យើងនឹងមើលពីកឹច្ចការមួយចំនួនរបស់ទេវតាជីព្រីល ក្នុងការជួយជ្រោមជ្រែងដល់បណ្ដាព្យាការី និង បណ្ដាអ្នកនាំសាររបស់ព្រះអល់ឡោះជាអម្ចាស់ផងដែរ ។

     បើយើងក្រឡេកមកមើលពីជំនឿរបស់អ្នកកាន់សាសនាគ្រឹស្តវិញម្ដងដែលគេជឿថា ព្រះជាម្ចាស់បញ្ជូន វិញ្ញាណបរិសុទ្ធ ឱ្យចូលក្នុងផ្ទៃនាងម៉ារី ដែលទារកនោះគឺលោក យេស៊ូវ។តើវិញ្ញាណបរិសុទ្ធដែលចូលក្នុងផ្ទៃនាងម៉ារី  នោះជាអ្វី? តើវិញ្ញាណបរិសុទ្ធនោះអាចជា ទេវតា ជីព្រីលដូចដែលយើងបកស្រាយមុននេះទេ?

     ចម្លើយគឺនៅក្នុងគម្ពីរអាល់គួរអានបានប្រាប់យើងពីការពិតនៃរឿងនេះ៖                                                                               ១៧.រួចមកនាងបានយករបាំងមួយមកបិទបាំងពីពួកគេ(អ្នកដទៃ)។ក្រោយមកយើងបានបញ្ជូនរួហ(ជីព្រីល)របស់យើងទៅកាន់នាង។  ហើយគេ(ជីព្រីល)បានក្លែងខ្លួនជាមនុស្សម្នាក់ពេញលក្ខណៈទៅជួបនាង។

១៨.នាងបាននិយាយថាៈពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់មហាសប្បុរសឱ្យបញ្ជៀសខ្ញុំ (ពីភាពអាក្រក់) ពីអ្នកប្រសិនបើអ្នកជាអ្នកកោតខ្លាចអល់ឡោះ។

១៩.គេ(ជីព្រីល)បានតបវិញថាៈ តាមពិតខ្ញុំគ្រាន់តែជាអ្នកនាំសារពីម្ចាស់របស់អ្នក ដើម្បីអោយខ្ញុំប្រទានដល់អ្នកនូវកូនប្រុសម្នាក់ដែលស្អាតស្អំ។[...]  ២២.ដូច្នេះ នាងក៏ចាប់ផ្ដើមមានគភ៌ ហើយនាងបានចាកចេញទៅកន្លែងដែលឆ្ងាយ (ជ្រលងភ្នំហ្ពៃឡាហាំទីក្រុងយេរូសាឡឹម)។ [ចំពូកម៉ារយ៉ាំ ១៩:១៧-១៩&២២]

     យោងតាមទឡ្ហីករណ៍ ដែលលើកឡើងខាងលើនេះ បានបង្ហាញថា វិញ្ញាណបរិសុទ្ធ ដែលនាំចុះមកនូវគម្ពីរគួរអានគឺជា ជីព្រីល ហើយវិញ្ញាណបរិសុទ្ធដែលនាំអោយប្រសូតជាលោកយេស៊ូវនោះក៏ជា ជីព្រីល ដែរ។


--------------------------------------------------------------

ប្រែ​សម្រួល​​និង​វាយអត្ថបទ​ដោយ វ៉ាន វ៉ាន់ឌី
ផ្សព្វ​ផ្សាយ​ដោយ បណ្ដាញ អាល់ភីស(AL-PEAC)
ប្រភព ChatOnFaith

Thursday, August 3, 2017

អត្ថប្រយោជន៍នៃការទុកពុកចង្ការ និង ពុកមាត់




     អ្នក​​ប្រហែល​ជា​ធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាបុរសមូស្លីមភាគច្រើនទុកពុកចង្ការ? ជាការពិតណាស់ ព្យាការីមូហាំម៉ាត់បានណែនាំអោយបុរសមូស្លីមទាំងអស់ទុកពុកចង្ការ។ តោះទៅមើលថាតើពុកចង្ការមានប្រយោជន៍ដូចម្ដេចខ្លះ?

1/បង្ការមហារីកស្បែក
ការស្រាវជ្រាវថ្មីៗបានបង្ហាញថា 95 ភាគរយនៃកាំរស្មីយូវីមកពីព្រះអាទិត្យត្រូវបានរារាំងដោយពុកចង្កា។ ការការពារកាំរស្មីយូវីចេញពីមុខរបស់អ្នក វាក៏មានសារៈសំខាន់ផងដែរព្រោះការប៉ះ កាំរស្មី UVនឹងស្បែកផ្ទាល់ អាចបណ្តាលឱ្យកើតមហារីក។ ពុកចង្ការកាន់តែក្រាស់កាន់តែល្អ!

2/កាត់បន្ថយរោគសញ្ញាជំងឺហឺតនិងអាឡែរហ្សី
ប្រសិនបើអ្នកទទួលរងនូវប្រតិកម្មអាឡែរហ្សី ឬ ប្រតិកម្មអាឡែរហ្សី ឬ សូម្បីតែជំងឺហឺតក៏ដោយ ពុកចង្ការពិតជាជួយកាត់បន្ថយបញ្ហានេះដោយធ្វើការជាតម្រង ឬ របាំង និងបង្ការអាឡែរហ្សីពីសារធាតុដែលនាំអោយប្រតិកម្ម។ វាមានតួនាទីមិនខុសពីរោមក្នុងរន្ធច្រមុះទេ។

3/ ស្ថិតនៅវ័យក្មេង
នេះគឺជាការសំងាត់ដើម្បីបន្ថយរោគសញ្ញានៃភាពចាស ព្រោតែការប៉ះនឹងកម្តៅព្រះអាទិត្យត្រូវបានកាត់បន្ថយច្រើន អ្នកអាចមើលទៅក្មេងជាង និងមានស្បែកមុខ សជាង ខុសពីបុរសដែលមិនមានពុកចង្ការ។ តែត្រូវចាំថា ម៉ូតពុកចង្កាធ្វើឱ្យអ្នកមើលទៅចាស់ជាងបើអ្នកមិនបានតម្រឹមវាអោយសាកសមនឹងទម្រង់មុខអ្នក!

4/ទប់ស្កាត់ជំងឺផ្ដាសសាយ
វាមិនត្រឹមតែជួយការពារកម្ដៅព្រះអាទិត្យនៅរដូវក្ដៅទេ ប៉ុន្តែនៅពេលដែលដល់រដូវរងារ ពុកចង្ការនឹងរក្សាកម្ដៅដល់មុខអ្នក និង អាចជួយអ្នកឱ្យជៀសផុតពីជម្ងឺផ្តាសាយផងដែរ។ កាលណាពុកចង្ការកាន់តែច្រើននោះវាដូចជាមានអ៊ីសូឡង់ក្រាស់មួយអ៊ីចឹង។

5/កាត់បន្ថយការឆ្លង
អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការបង្ករោគដោយបាក់តេរីរលួយនិងរលាកស្បែកក្បាលទេ (ការឆ្លងមេរោគឫសសក់ដែលបណ្តាលឱ្យមានជម្ងឺនានា) បើសិនជាអ្នកមាន ពុកចង្ការវាក៏ការពារដល់មុខរបស់អ្នក ដូចជាសក់ការពារជម្ងឺសើស្បែកចំពោះក្បាលរបស់អ្នកដែរ។
6/ស្បែកដែលគ្មានស្នាមជាំ
វាជារឿងសាមញ្ញណាស់នៅពេលដែលអ្នកទុកពុកមាត់និងពុកចង្ការ វានឹងបិទបាំងស្លាកស្នាមខ្លះៗនៅលើមុខរបស់អ្នក ហើយវាក៏បង្កើនសម្រស់របស់អ្នកមួយកម្រិតដែរ!

7.
សំណើមធម្មជាតិ
រឿងចុងក្រោយបង្អស់អំពីការរក្សាពុកចង្កាគឺថាអ្នកមិនចាំបាច់ព្រួយបារម្ភអំពីស្បែកស្ងួតទេ។ រោមទាំងនោះនឹងរក្សាខ្យល់និងខ្យល់ត្រជាក់ចេញជួយឱ្យស្បែករបស់អ្នកលែងមានភាពស្ងួត។ ក្រពេញ Sebaceous ជួយអោយស្បែករបស់អ្នកមានសំណើមល្អនៅពេលដែលអ្នកមានពុកចង្កាពីព្រោះគ្មានវិធីណាដែលអ្នកទទួលបានជាតិសំណើមដល់ស្បែកដល់ធម្មជាតិ ក្រៅពីការទុកពុកចង្ការនោះទេ។

ហើយអ្នកក៏មិនគួរភ្លេចថាពុកចង្ការគឺជាអត្តសញ្ញាណនៃបុរស!!!!

--------------------------------------------------------------
ប្រែ​សម្រួល​​និង​វាយអត្ថបទ​ដោយ វ៉ាន វ៉ាន់ឌី
ផ្សព្វ​ផ្សាយ​ដោយ បណ្ដាញ អាល់ភីស(AL-PEAC)
ប្រភព www.mensxp.com