សម័យព្យាការី នួហ/ណូអេ លោកបានធ្វើការអំពាវនាវទៅកាន់ប្រជាជនរបស់លោកអោយមានជំនឿលើព្រះជាម្ចាស់តែមួយអង្គគត់ តែមនុស្សម្នាមានការរឹងទទឹងហើយបដិសេធការអំពាវនាវរបស់លោក។ ព្រះជាម្ចាស់បានដាក់ទោសមនុស្សម្នាទាំងនោះដោយបង្ករអោយទឹកជំនន់យ៉ាងធំក្រៃលែងមួយ។ ប៉ុន្តែដើម្បីការពារបណ្ដាអ្នកមានជំនឿទាំងឡាយ និងរក្សាអំបូរសត្វនានាផងនោះ ព្រះអង្គបានត្រាស់បង្គាប់អោយព្យាការី នួហ/ណូអេ សាងសំពៅមួយធំមួយដើម្បីផ្ទុកបណ្ដាអ្នកមានជំនឿនិងសត្វពេលទឹកជំនន់មកដល់។ ព្យាការីនួហបានចាប់សាងសង់សំពៅដ៏ធំនោះ ដូចមានរៀបរាប់ក្នុងព្រះគម្ពីរគួរអានថា៖"ខណៈដែលគេ(នួហ)កំពុងសង់សំពៅ ហើយគ្រប់ពេលដែលអ្នកដឹកនាំនៃក្រុមរបស់គេ(ពួកគ្មានជំនឿ)បានដើរឆ្លងកាត់គាត់នោះ(នៅកន្លែងធ្វើសំពៅ) ពួកគេតែងតែបានសើចចំអកឱ្យគាត់។ គាត់បានតបវិញថាៈ ប្រសិនបើពួកអ្នកសើចចំអកឱ្យពួកយើង ពួកយើងពិតជានឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកដែរ។(១១:៣៨) ក្នុងរឿងនេះយើងឃើញថា ព្យាការីនួហត្រូវបានគេសើចចំអកចំពោះការសង់សំពៅនៅលើគោកនឹងជឿថានឹងមានទឹកជំនន់ធំ។ តែព្យាការីនួហមិនខ្វល់នឹងសម្ដីរបស់ពួកគេទេ ព្រោះលោកពិតជាយល់យ៉ាងច្បាស់អំពីអ្វីដែលលោកកំពុងធ្វើ។ ក្នុងជីវិតជាក់ស្ដែងរបស់យើងពេលខ្លះត្រូវបោះបង់នូវអ្វីដែលខ្លួនកំពុងធ្វើព្រោះអ្នកដទៃចំអកមើលងាយ បញ្ហានេះគឺមកពីយើងមិនបានយល់ច្បាស់ថាអ្វីដែលយើងកំពុងធ្វើនោះពិតជាត្រឹមត្រូវមែនឬអត់? ពេលខ្លះយើងឆ្ពោះទៅរកគោលដៅដែលយើងច្បាស់ថាត្រឹមត្រូវនោះ ដោយបើជំហានយឺតៗមែនទេន ព្រោះតែការរាំងស្ទះពីមជ្ឈដ្ឋានខាងក្រៅ ណាមួយមនុស្សយើងតែងតែភ័យខ្លាចថាខ្លួននឹង"ខុសពីគេ'' នេះមិនមែនជាបញ្ហាឡើយដ្បិតថាសំឡេងភាគច្រើនមិនប្រាកដថាត្រូវនោះទេ យើងត្រូវមានភាពក្លាហានសុខចិត្ត"ខុសគេ"ប្រសើរជាខុសនឹងសេចក្ដីពិត។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖"ហើយចូរអ្នកអត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយអាក្រក់ (ចំពោះអ្នក) និងត្រូវចាកចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយដ៏ល្អប្រពៃ។"(៧៣:១០) "ហើយចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នកកើតទុក្ខរព្រួយឱ្យសោះ។"(១០:៦៥) សេចក្តីត្រូវបានលេចធ្លោច្បាស់ជាងសេចក្តីខុស។"(២:២៥៦)
-----------------------------
អានប្រវត្តិរបស់ព្យាការី នួហ/ណូអេ ពេញក្នុងព្រះគម្ពីរគួរអាន ១១:៣៦-៤៩
និពន្ធដោយ៖ វ៉ាន វ៉ាន់ឌី