Friday, March 15, 2019

ចូរកុំតក់ស្លុក


ចូរកុំតក់ស្លុត


ហេតុការណ៍ភេរវកម្មមួយបានកើតឡើងនៅប្រទេសនូវែលសេឡង់ គឺជាការបាញ់ប្រហារទៅលើអ្នកមូស្លីមដែលកំពុងជួបជុំគ្នាស្ដាប់បទអត្ថាធិប្បាយ និងថ្វាយបង្គំព្រះនៅថ្ងៃសុក្រនេះ។ នៅចំពោះមុខហេតុការណ៍ការនេះបាននាំអោយមានការតក់ស្លុត និងខឹងសម្បារពីសំណាក់អ្នកមូស្លីមជុំវិញពិភពលោក។ ជាមួយគ្នានេះដែរការតក់ស្លុតភ័យរន្ធត់ បានគ្រប់លើចិត្តមនុស្សជាច្រើន ដែលកំពុងបារម្ភពីសុវត្ថិភាពរបស់ពួកគេថាតើរឿងដដែលនេះអាចកើតមានជាថ្មីទៀតទេនៅកន្លែងដែលគេកំពុងរស់នៅ។

យ៉ាងណាមិញយើងគួរដឹងថា សាសនាអ៊ីស្លាមជាសាសនាមួយដែលរីកចម្រើនលឿនខ្លាំងបំផុត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបច្ចុប្បន្នមានប្រមាណជាង ២ពាន់លាននាក់ នៅគ្រប់ប្រទេសគ្រប់ជនជាតិលើពិភពលោក។ ការណ៍នេះ ជំរុញអោយអ្មកដែលប្រឆាំងសាសនានេះ ព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីរារាំងការរីកសាយភាយរបស់សាសនាមួយនេះ វិធីទាំងឡាយនេះរួមបញ្ជូលទាំង ការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយ ការអូសទាញ និងហឹង្សាផងដែរ។ បើយើងក្រឡេកទៅមើលតាមការនិទានមួយពីហាទ្ទីសរបស់ព្យាការីមូហាំម៉ាត់ នៅគ្រាមួយបណ្ដាគូកន(សាហាប័ត) របស់លោកបានសួរលោកថា៖ តើអ្នកមូស្លីមនៅថ្ងៃខាងមុខ នឹងយ៉ាងដូចម្ដេចដែរ? លោកបានឆ្លើយថា៖ គឺដូចម្ហូបមួយថាសដែលមនុស្ស៤០នាក់ដណ្ដើមគ្នាឆី។ សាហាប័តបានសួរបន្តទៀតថា៖ តើដោយសារតែយើងមានគ្នាតិចមែនទេ? លោកឆ្លើយថា៖ អត់ទេ យើងមានគ្នាច្រើន! ក៏ប៉ុន្តែជំនឿរបស់យើងខ្សត់ខ្សោយ។(ហាទ្ទីសនេះសរសេរតាមការចងចាំអាចខ្វះចន្លោះច្រើន) ក្នុងន័យនេះព្យាការីមូហាំម៉ាត់បានអោយយើងដឹងថា សាសនាអ៊ីស្លាមនឹងមានសត្រូវជាច្រើនរងចាំវាយប្រហារ ក៏ប៉ុន្តែសាសនានេះនឹងរីកសាយភាយជានឹច្ច។ ក្នុងហាទ្ទីសមួយទៀតព្យាការីលោកបានមានប្រសាសន៍ថា៖ នឹងមានពេលមួយដែលមនុស្សម្នាកាន់សាសនា ហាក់ដូចជាកាន់ធ្យូងដែលក្ដៅ។(តៀមីហ្ស៊ី) ហាទ្ទីសនេះប្រាប់យើងថានៅពេលដែលថ្ងៃជំនុំជម្រះកាន់តែកៀកមកដល់នោះ ការប្រតិបត្តិសាសនាគឺកាន់តែពិបាកខ្លាំងឡើងៗហាក់ដូចជាកាន់ធ្យូងក្ដៅ។ ជាការពិតណាស់ពីមួយជំនាន់ទៅមួយជំនាន់ ជំនឿរបស់មនុស្សទៅចំពោះព្រះអល់ឡោះជាអម្ចាស់នៃយើងកាន់តែស្ដួចស្ដើងទៅៗ ដូច្នេះទ្រង់កាន់តែប្រទានឡើងវិញនូវវិញ្ញាសាកាន់តែពិបាកឡើងៗដើម្បីស្ដារឡើងវិញនូវជំនឿយ៉ាងមុតមាំចំពោះទ្រង់។

ពួកយើងលើកទឹកចិត្តអ្នកទាំងអល់គ្នាកុំមានការតក់ស្លុតនឹងហេតុការណ៍នានាដែលកើតឡើយផ្ទុយទៅវិញយើងគួរព្យាយាមប្រតិបត្តិនូវប្រការនានាដែលទ្រង់បានបង្គាប់ប្រើយើង នឹងព្យាយាមស្ដារឡើងវិញនូវជំនឿយ៉ាងមុតមាំទៅចំពោះទ្រង់នោះអ្នកនឹងក្លាយជាមនុស្សជោគជ័យទាំងជីវិតលោកិយ និងជិវិតក្រោយថ្ងៃជំនុំជម្រះ។


------------------------------
និពន្ធដោយ៖ មូហាំម៉ាត់ អ៊ីសា វ៉ាន់ឌី វ៉ាន
ចេញផ្សាយដោយ៖ បណ្ដាញអាល់ភីសកម្ពុជា