Tuesday, November 27, 2018

ព្រះតែមួយ


ព្រះតែមួយ

បើគេនិយាយដល់លទ្ធិដែលជឿថាមានព្រះ ឬ អាទិទេព នោះ គេនឹកឃើញដល់សាសនាធំៗមួយចំនួនដូចជា សាសនាគ្រឹស្ដ សាសនាអ៊ីស្លាម សាសនាយូដា
សាសនាហិណ្ឌូ និង សាសនាប្រពៃណីចិនជាដើម។ តែបើគេនិយាយពីសាសនាដែលជឿថាព្រះ ឬ អាទិទេព មានតែមួយអង្គនោះគឺមានតែសាសនាអ៊ីស្លាម សាសនាគ្រឹស្ដ និង សាសនាយូដា ប៉ុណ្ណោះ។ តើអ្វីទៅជាលទ្ធិព្រះតែមួយ ឬ ឯកទេពនិយមនោះ?

លទ្ធិឯកទេពនិយម(Monotheism) ជាប្រព័ន្ធជំនឿដែលជឿថា ពិភពលោកនេះ ចក្រវាលនេះពិតជាមានព្រះ ដែលព្រះជាអទិករ(អ្នកបង្កើត) រាល់អ្វីៗទាំងអស់ ហើយព្រះជាអ្នកដែលមានទំនាក់ទំនងជាមួយមនុស្សលោក អ្វីដែលសំខាន់នោះគឺព្រះមានតែមួយអង្គគត់់ ពុំមានច្រើនដូចលទ្ធិដទៃ។

ជាការពិត ព្រះជាម្ចាស់មានតែមួយអង្គគត់ បើផ្អែកតាមការគម្ពីនៃសាសនាធំៗទាំង៣។ បន្ទូលព្រះនៅក្នុងគម្ពីគួរអាននៃសាសនាអ៊ីស្លាមចែងថា៖ 
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់។[គួរអាន ១១២:]ហើយព្រះជាម្ចាស់របស់ពួកអ្នកគឺតែមួយអង្គគត់។ គ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែល មហាសប្បុរស មហាអាណិតស្រឡាញ់នោះឡើយ។[គួរអាន ២:១៦៣]ពិតប្រាកដណាស់ ព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។[គួរអាន ៣៧:] ។ល។

រីឯសាសនាគ្រឹស្តវិញបើទោះជាមាននិកាយមួយចំនួនបង្រៀនអំពីព្រះត្រីឯក(Trinity)ប៉ុន្តែបើយើងពិនិត្យមើលក្នុងគម្ពីបរិសុទ្ធវិញយើងកត់សម្គាល់ចំនុចដែលនិយាយអំពីព្រះតែមួយដូចជា៖ 
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «នេះ​ជា​បទ​បញ្ជា​ទី​មួយៈ អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះអម្ចាស់។ ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ[ម៉ាកុស ១២:២៩], អ្នក​ជឿ​ថា​ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គត្រឹម​ត្រូវ​ហើយ ព្រមទាំងពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។[យ៉ាកុប​ ២:១៩], ក្នុង​លោក​នេះ​ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​ព្រះឯ​ណា​ទៀត​សោះ​ឡើយ។[១កូរិនថូស ៨:]
យើងឃើញហើយថានេះជាផ្នែកខ្លះនៃគម្ពីបរិសុទ្ធដែលបង្ហាញអំពីព្រះមួយអង្គ អីឡូវយើងក្រឡេកទៅមើល គម្ពីរបស់សាសនាយូដាវិញម្ដង៖  
អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះអម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។[ទុតិយកថា ៦:-], អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថាព្រះអម្ចាស់​ពិត​ជា​ព្រះជាម្ចាស់​មែន ក្រៅ​ពី​ព្រះអង្គ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។[ទុតិយកថា ៤:៣៥], សូម​អោយ​គេ​ទទួល​ស្គាល់​ថាមាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះអម្ចាស់ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុតនៅ​លើ​ផែនដី​ទាំង​មូល!។[ទំនុកតម្កើង ៨៣:១៨]


យោងតាមគម្ពីនានាខាងលើព្រះជាម្ចាស់គែមានតែមួយអង្គគត់។ អ្នកសាកស្រម៉ៃមើលថា ព្រះជាម្ចាស់គួរតែមានលក្ខណៈឯកអគ្គភាព គឺខ្ពង់ខ្ពស់លើសអស់អ្វីៗទាំងផងទាំងពួង ព្រោះបើអ្នកជាម្ចាស់មានអ្វីមួយមកប្រៀបស្មើតើទ្រង់សមជាព្រះដែលមានគ្រប់ព្រះចេស្ដាអោយយើងកោតខ្លាចទ្រង់ទេ? មួយវិញទៀតសាកគិតមើលថា តើព្រះអាចមានដៃគូរឺអ្នកប្រហាក់ប្រហែល ដើម្បីនឹងតតាំងគ្នាដូចក្នុងភាពយន្ត ដែលចំណុចនេះធ្វើអោយព្រះមានលក្ខណៈមិនខុសពីមនុស្សលោកសោះឡើយ។ ឧទាហរណ៍ងាយៗដែលយើងអាចពិចារណាបាននោះគឺ តើមនុស្សម្នាក់អាចមានម្ដាយបង្កើត២នាក់ឬច្រើនដែរឬទេ? ប្រាកដណាស់ចង់ឬមិនចង់គឺអ្នកបង្កើតដាច់ខាតគឺមានតែម្នាក់គត់។ សរុបមកវិញលទ្ធិឯកទេពនិយមផ្ដល់ភាពពិតនៃតក្កដែលអាចអោយអ្នកយល់អំពីលក្ខណៈរបស់ព្រះបាននិងសេចក្ដីពិតនៃព្រះ។

------------------------------
អត្ថបទដោយ៖ វ៉ាន វ៉ាន់ឌី