ជីវិតដ៏ប្រពៃរបស់ព្យាការីនៃព្រះ
អ្នកមានជំនឿនិងគ្មានជំនឿ សុទ្ធតែទទួលស្គាល់ពីវិសុទ្ធភាព និង
ភាពសមសួននៃអត្តចរិកលក្ខណៈរបស់
ព្យាការី មូហាំម៉ាត់ ។ គេអាចស្គាល់ពីជីវភាពមេដឹកនាំដ៏មានឥទ្ធិពលរូបនេះ
ថាគាត់ជាមនុស្សរស់នៅយ៉ាងសាមញ្ញបំផុត។ រាល់សកម្មភាពរបស់គាត់សុទ្ធតែមានក្រឹតក្រមពីព្រះអល់ឡោះជាអម្ចាស់
ជៀសផុតពីអំពើបាប និង ភាពមិនសមរម្យនានា។
-បុគ្គលិកលក្ខណៈរបស់ព្យាការីមូហាំម៉ាត់
គាត់មានអត្តចរិតស្ងប់ស្ងៀម ទន់ភ្លន់ មិនកាច និង
មិនក្រេវក្រោធ។ គាត់មិនដែលស្រែកគំហកដាក់នរណាម្នាក់ឡើយ។ សំណើចរបស់គាត់ភាគច្រើនគឺជាការញញឹម។
គាត់មិនសើចក្អាកក្អាយដោយសំឡេងខ្លាំងនោះទេ។ គាត់ធ្លាប់ប្រឡែងនឹងភរិយា និង
សហការីរបស់គាត់ក្នុងរបៀបសមរម្យ។ ពេលគាត់ដើរម្ដងៗមានកម្លាំងស្វាហាប់ លើកជើងផុតពីដី
មិនដើរអូសជើង។ បើកាលណាគាត់ងាកមើលនរណាម្នាក់ គាត់ងាកទៅទាំងដងខ្លួន។
-លក្ខណៈសម្ដីរបស់ព្យាការីមូហាំម៉ាត់
ព្យាការីមូហាំម៉ាត់ពុំមែនជាមនុស្សនិយាយច្រើន។ កាលណាគាត់និយាយ
គាត់និយាយច្បាស់ៗ ខ្លី និង មានន័យចំគោលដៅ។ កាលណាគាត់ចង់បញ្ជាក់លើកឹច្ចការណាមួយ
គាត់បញ្ជាក់ឡើងវិញបីដង។ គាត់មិននិយាយអ្វីក្រៅតែពីសេចក្ដីពិត
រហូតអ្នកក្រុងម៉ាក្កះដាក់ងារអោយគាត់ថា បុរសស្មោះត្រង់។
គាត់មិនចូលចិត្តការជជែកច្រើន គាត់មិននិយាយបន្តុះបង្អាប់អ្នកដទៃ ហើយក៏មិនដែលសសើរគេហួសពេកដែរ។
គាត់មិននិយាយដោយឡូឡា និងមិនស្រែកគំហកខ្លាំងៗដាក់នរណាម្នាក់។
គាត់ធ្លាប់និយាយកំប្លែងជាមួយអ្នកដែលគាត់ស្គាល់។ គាត់មិននិយាយអ្វីឡើយលើកលែងតែគាត់រំពឹងថាការនិយាយនោះបានផលបុណ្យពីព្រះជាម្ចាស់។
គាត់ធ្លាប់មានប្រសាសន៍ថា៖ បើអ្នកមិនមានពាក្យល្អសម្រាប់និយាយទេ ចូរស្ងាត់ស្ងៀមចុះ។
-ជីវភាពប្រចាំថ្ងៃរបស់ព្យាការីមូហាំម៉ាត់
ព្យាការីមូហាំម៉ាត់ពុំមានចរិតជ្រុលនិយម។ គាត់ឧស្សាហ៍ណែនាំសហការីរបស់គាត់អោយមានការអត់ធ្មត់
និងជៀសវាងពីការខឹងសម្បារ។ គាត់មិនធ្លាប់វាយដំនរណាម្នាក់ទេ។ គាត់មិនយកទោសសងទោស
តែគាត់ជ្រើសយកការអត់អោនអធ្យាស្រ័យ។
គាត់តែងតែចាប់ផ្ដើមស្វាគមន៍សាឡាមទៅគេសូម្បីតែកូនក្មេង។ គាត់អង្គុយនៅកន្លែងណាដែលជៀសផុតពីការប្រជ្រៀត។
គាត់ត្រង់ត្រាប់សម្ដីគេនិយាយមកកាន់គាត់ ហើយក៏មិនកាត់សម្ដីគេដែរ។ គាត់ខ្មាសអៀន
មិនធ្វើអ្វីដែលអាចអោយគេរិះគន់។ គាត់ញញឹមជាប់ ហើយក៏មានប្រសាសន៍ណែនាំថា
ញញឹមក៏ជាការសាងកុសល។
គាត់ពុំខ្ជះខ្ជាយហើយក៏មិនរិះស្វិត គឺការរស់នៅជាមធ្យមធម្មតា។
គាត់មិនហូបចំណីច្រើន ហើយមិនបន្តុះបង្អាប់អាហារ។
គាត់អរព្រះគុណចំពោះព្រះអល់ឡោះជាអម្ចាស់ក្រោយគាត់ហូបអាហាររួច។ គាត់ដូចជាមនុស្សទូទៅដែរ
គាត់បម្រើខ្លួនឯង គាត់រឹតទឹកដោះពពែ ពេលនៅផ្ទះទំណេរគាត់ជួយការងារផ្ទះ
ដោយមិនប្រកាន់នោះទេ។ គាត់ស្រលាញ់អនាម័យ គាត់ស្អាតបាតមិនលើសពីលទ្ធភាព
គាត់ចូលចិត្តគ្រឿងក្រអូបមានក្លិនឈ្ងុយ ហើយគាត់លាបសារធាតុម្យ៉ាងលើត្របកភ្នែកគាត់។
គាត់មានចិត្តសប្បុរស ទូលាយ។ ស្ថានភាពគ្រួសាររបស់គាត់មិនក្រលំបាកពេក
ក៏មិនមានណាស់ណាដែរ។ គាត់តែហាមគ្រួសារគាត់ពីការទទួលពន្ធបរិច្ចាគ(ហ្សាកាត់)។
គាត់រស់នៅក្នុងផ្ទះតូចមួយសាមញ្ញ សង់ពីដីឥដ្ឋ ប្រក់ធាងល្មើនិងស្បែកអូដ្ឋ។
គម្ពីគួរអានបានលើកឡើងចំពោះព្យាការីថា៖
" ប្រាកដណាស់អ្នកឋិតលើអត្តចរិតដ៏ឧត្តុង្គឧត្តម "
៤ៈ៦៨
-------------------------------
សង្ខេបពីសៀវភៅ៖ ព្យាការីអ៊ីស្លាម មូហាំម៉ាត់
អត្ថបទនេះ ត្រូវបានរក្សាសិទ្ធិ និង ផ្ដល់កិត្តិយសគ្រប់យ៉ាងទៅចំពោះ
អ្នកនិពន្ធ៖ លោក បណ្ឌិត ហីសាម ជេបតូក្ហឡូ
បោះពុម្ពផ្សាយដោយ៖ បណ្ឌិតសភាអូស្ត្រាលីសិក្សាស្រាវជ្រាវនិង
វិទ្យាសាស្ត្រអ៊ីស្លាមទីក្រុងស៊ីដនី
ផ្សាយបន្តដោយ បណ្ដាញអាល់ភីស កម្ពុជា