Wednesday, January 24, 2018

តើយើងគួរធ្វើពិធីខួបកំណើតឬទេ?


អំពីបុណ្យខួបកំណើត

បច្ចប្បន្ននេះគេសង្កេតឃើញថា ការធ្វើពិធីបុណ្យខួបកំណើតត្រូវបានគេនិយមធ្វើនៅទូទាំងពិភពលោក រាប់ចាប់តាំងពីមនុស្សសាមញ្ញរហូតដល់អច្ឆរិយ:បុគ្គល។ តើការធ្វើបុណ្យខួបកំណើតនេះមានមូលដ្ឋានគ្រឹះច្បាស់លាស់ គ្រប់គ្រាន់ដើម្បីអោយយើងប្រារព្ធវាឡើងទេ?

-នៅក្នុងគម្ពីអាល់គួរអាន
គេមិនបានឃើញវាក្យខណ្ឌណាមួយដែលបាននិយាយពីបុណ្យខួបកំណើតឡើយ។ ក្នុងចំពូកទី៣៣ វាក្យខណ្ឌទី៣១ បានលើកឡើងថា "ហើយអ្នកណាក្នុងចំណោមពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងសាងអំពើល្អ យើងនឹងប្រទានឱ្យ អ្នកនូវផលបុណ្យទេ្វដង" យើងឃើញថាព្រះជាម្ចាស់បង្គាប់អោយធ្វើតាមព្យាការីរបស់ទ្រង់ក៏ប៉ុន្តែ ក្នុងមួយឆាកជីវិតរបស់ព្យាការី មូហាំម័ត គេមិនឃើញថា មានពេលណាមួយដែលលោកធ្វើពិធីខួបកំណើត ឬ ចូលរួមពិធីខួបកំណើតដែរ។ បើទោះជាមានក្រុមមួយចំនួនប្រារព្ធពិធី"ម៉ៅឡុត"ដែលជាការរំលឹកដល់ថ្ងៃកំណើតព្យាការីម៉ូហាំម៉ាត់ ក៏មានសាសនវិទូអ៊ីស្លាមមួយភាគធំមិនយល់ស្របនឹងពិធីនេះដែរ ហើយចាត់ទុកថាជាការបង្កើតថ្មីមិនសមទំនង។ គិតត្រឹមនេះគឺគ្រប់គ្រាន់ហើយ ដែលយើងមិនគួរប្រារព្ធពិធីនេះ។

-នៅក្នុងសាសនាគ្រីស្ទ
គេឃើញថា ពិធីបុណ្យខួបកំណើតមានលើកតែ២ប៉ុណ្ណោះក្នុងគម្ពីរបរិសុទ្ធ នោះគឺ របស់ព្រះចៅផារ៉ោន(លោកុប្បត្តិ ៤០:២០)និង ព្រះបាទហេរ៉ូដ(ម៉ាកុស ៦:២១) ដែលអ្នកទាំង២សុទ្ធតែជាមនុស្សមិនគោរពព្រះ។ រីឯខួបកំណើតលោកយេស៊ូ ដែលគ្រីស្ទបរិស័ទប្រារព្ធឡើងហៅថា គ្រីស្មាស ឬ ណូអែល នោះក៏មិនមានក្នុងព្រះគម្ពីរដែរ។  ពោលគឺថ្ងៃទី២៥ធ្នូនោះគឺជាបុណ្យខួបកំណើតព្រះអាទិត្យរបស់ជនជាតិរ៉ូម តែដោយចង់អោយប្រជាពនប្ដូរមកកាន់សាសនាគ្រីស្ទ ទើបគេខំកែច្នៃអោយទៅជាបុណ្យខួបកំណើតលោកយេស៊ូវិញ។  ហើយអស់រយៈពេលយ៉ាងយូរក្រោយពេលលោកយេស៊ូ ទើបមនុស្សចាប់ផ្ដើមធ្វើបុណ្យនេះ ហើយគ្រីស្ទបរិស័ទនៅគ្រីស្ទសករាជទី១ក៏មិនបានធ្វើពិធីនេះដែរ។ ដូចនេះគ្មានអ្វីដែលជំរុញអោយយើងធ្វើបុណ្យខួបកំណើតឡើយ។

-បុណ្យខួបកំណើតក្នុងវប្បធម៍ខ្មែរ 
តាមវប្បធម៍ខ្មែរបុរាណការធ្វើពិធីខួបកំណើត គឺជាប់ទាក់ទងនឹងព្រលឹងវិញ្ញាណ ដែលខ្មែរហៅថា ខ្មោចម្ដាយដើម ឬ គ្រូដើម។ ដូចនេះមិនថាមានលក្ខខណ្ឌបែបណាបើអ្នកជាអ្នកជឿព្រះ អ្នកពុំគួរមានចំណែកក្នុងពិធីបែបនេះឡើយ។

**ចូរពិចារណាបើសិនជាអ្នករៀបចំពិធីនេះដើម្បីតែការសប្បាយ និង សេពសុរា ជាដើម។
**ថ្ងៃកំណើតជាថ្ងៃដែលម្ដាយរបស់យើងប្ដូរអាយុក្នុងការប្រសូតយើងមក វាពុំគួរជាថ្ងៃដែលយើងផឹកស៊ីសប្បាយអរជាមួយមិត្តភ័ក្ដនោះទេ។
**ហើយការធ្វើអំពើល្អចំពោះឪពុកម្ដាយ ពុំចាំបាច់តែធ្វើនៅថ្ងៃកំណើតឡើយ យើងគួរគប្បីធ្វើវាជាប្រចាំព្រោះវាជាកាតព្វកិច្ចរបស់យើង។
-------------------------------------
អត្ថបទដោយ : វ៉ាន វ៉ាន់ឌី